(បាងកក)៖ នៅថ្ងៃច័ន្ទទី៣១ ខែសីហានេះ ប្រទេសថៃបានសម្រេចពន្យារទឹកប្រាក់ ៧២៤លានដុល្លារអាមេរិកសម្រាប់ការទិញនាវាមុជទឹកចំនួន ២គ្រឿងពីប្រទេសចិនបន្ទាប់ពីមានកំហឹងជាសាធារណៈជុំវិញកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។នេះបើតាមការផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ប្រទេសថៃគឺជាប្រទេសដំបូងគេដែលបានទិញនាវាមុជរបស់ចិននិងបានបញ្ចប់ការទិញនាវាមុជទឹកចំនួន៣ គ្រឿងនៅឆ្នាំ២០១៧ ដោយប្រទេសមួយនេះរំពឹងថានាវាមុជទឹកនឹងត្រូវបានផលិត បញ្ជូនមកកាន់ប្រទេសថៃនៅឆ្នាំ២០២៣ ។ ការបញ្ជាទិញពីរបន្ថែមទៀតមានតំលៃប្រមាណ ២២,៥ ពាន់លានបាត (៧២៤ លានដុល្លារ) ត្រូវបានអនុម័តកាលពីដើមខែនេះដោយអនុគណៈកម្មាធិការសភាដែលជាហេតុការណ៍មួយបណ្តាឲ្យមានការប្រឆាំងជាសាធារណៈ ស្របដែលប្រទេសថៃកំពុងតែត្រូវការថវិការសម្រាប់ទប់ទល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
គួរជម្រាបថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានប្រកាសកាលពីថ្ងៃចន្ទថាលោកនាយករដ្ឋមន្រ្តីប្រាយុធ ចាន់អូចា បានស្នើសុំឱ្យកងទ័ពជើងទឹកពិចារណាការពន្យាពេលមួយឆ្នាំទៀតក្នុងការទិញនាវាមុជទឹកទាំង ២គ្រឿងនេះ ខណៈសេដ្ឋកិច្ចរបស់ប្រទេសថៃក៏កំពុងស្ថិតក្នុងដំណាក់កាលអាក្រក់បំផុតមួយដែរក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ដោយបានធ្លាក់ចុះ១២,២ ភាគរយនៅក្នុងត្រីមាសទី២ ដោយសារវិស័យទេសចរណ៍ និងវិស័យនាំចេញបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត៕