ឥទ្ធិពលអ្នកលេងគុនខ្មែរ ធឿន ធារ៉ា ឡើងផ្អើលអស់ឋានទាំងបី រកតែកៅអីអង្គុយគ្មាន សម្រែករាជសីហ៍អ្នកគាំទ្រគុនខ្មែរ លាន់ឮគ្រប់គូ នាព្រឹត្តិការណ៍ប្រកួតម្សិលម៉ិញនេះ

ភ្នំពេញ៖ ឥទ្ធិពលគុនខ្មែរមិននឹកស្មានថា ទទួលបានការគាំទ្រច្រើនដល់ម្លឹងសោះ ម្សិលម៉ិញនេះគ្រាន់តែបើកឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួត Cambodia Mas Fight រហូតដល់ 2 ដងឯណោះ អ្នកគាំទ្រមកច្រើនលើសលុបរកតែកន្លែងអង្គុយទស្សនាមិនបាន ការគាំទ្រលើសការរំពឹងទុក ក្រុមការងារនៃស្ថានីយទូរទស្សន៍ថោនពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ការគាំទ្រដ៏មានអត្ថន័យមួយនេះ។

ការប្រកួតប្រាំពីរគូមានទាំងគូរជាតិ និងអន្តរជាតិ តាំងពីជំនួបការប្រកួតគូដំបូង រហូតដល់ការប្រកួតគូឯកដែលមានវត្តមានអ្នកលេងពូថៅដៃពិឃាតធឿន ធារ៉ា មកប្រកួតកម្ដៅសាច់ដុំតតាំងជាមួយជើងខ្លាំង ស្បែកស្វិតមកពីប្រទេសម៉ារ៉ុបមានឈ្មោះថា យ៉ាស៊ីន ។

 

មិនសរសើរមិនបាននៅតែល្អ នៅតែខ្លាំង អ្នកលេងពូថៅដៃពិឃាត ត្រឡប់មកវិញលើកណា ក៏មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ ការប្រកួតបីទឹក នៅថ្ងៃអាទិត្យម្សិលម៉ិញនេះ នៅទឹកទី១អាចធ្វើឲ្យអ្នកគាំទ្របុកពោះបន្តិចដែរ ដោយសារតែកីឡាករបរទេសពូកែចាប់ក្បាច់របស់ធារ៉ា មិនសូវជាមានការកញ្ជ្រោលចូលវាយខ្លាំងឡើយ។

ប៉ុន្តែគ្រាន់តែចូលមកដល់ទឹក 2 ភ្លាម មិនដឹងថាធារ៉ាមានកំហឹងមកពីណានោះទេបានដើរចូលវាយដេញកីឡាករអន្តរជាតិរូបនោះពេញសង្វៀនតែម្តង ការប្រកួតមហាជក់ចិត្ត នៅតែល្អដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រដដែល។ ពិសេសកណ្ដាប់ដៃពិឃាតរបស់គេនៅតែល្អ រហ័ស  ធ្ងន់ដដែល ទោះបីជាកីឡាករយ៉ាស៊ីនព្យាយាមរត់យ៉ាងណា ក៏គេចមិនបំផុតពីកណ្តាប់ដៃមហាទម្ងន់របស់ធារ៉ាបានឡើយ។

 

ធឿន ធារ៉ាដេញវាយដៃគូប្រកួតទាល់តែរាប់នៅក្នុងទឹក៣  កីឡាករម៉ារុកនោះស្វិតណាស់ ហើយចង់ឈ្នះកីឡាករគុនខ្មែរយើងជាខ្លាំង គ្រាន់តែដួលភ្លាមស្ទុះក្រោកមកភ្លាម ខ្លាចអាជ្ញាកណ្ដាលបញ្ឈប់ ប៉ុន្តែមិនថាស្វិតប៉ុណ្ណាក៏គេចមិនផុតពីកណ្ដាប់ដៃមហាទម្ងន់ចុងក្រោយរបស់ធារ៉ាបានដែរ ធារ៉ាបានវាយមួយទំហឹងចូលចំពោះទឹកពេញៗ ធ្វើឲ្យកីឡាករអន្តរជាតិរូបនោះ ដេកដួលរមួលពេញសង្វៀនត្រូវបានលោកអាជ្ញាកណ្ដាលរាប់ជាថ្មី ។

នៅសល់មិនដល់ 30 វិនាទីនៅក្នុងទឹកទីបី ធារ៉ាកាន់តែពុះកញ្ជ្រោលដេញវាយបន្តបុកចូលពោះទឹកដោយដឹងចំណុចខ្សោយរហូតដល់ការរាប់លើកទីបី កីឡាករនោះនៅតែបន្តការប្រកួតបានទៀត ប៉ុន្តែក្រោយពីចូលកណ្ដាប់ដៃជាបន្តបន្ទាប់ដេកដួលត្រូវបានលោកអាជ្ញាកណ្ដាលមើលទៅមិនស្រួលក៏សម្រេចបញ្ឈប់តែម្ដង ព្រោះត្រូវបានរាប់ជាច្រើនលើករួចមកហើយ។

 

ក្រោយមកសម្រែកអ្នកគាំទ្រក៏បានក្រោកឈរទះដៃយ៉ាងមានមោទនភាពចំពោះសមត្ថភាពរបស់កីឡាករគុនខ្មែរយើង ធឿន ធារ៉ា នៅតែល្អដូចដើម មិនខកបំណងសម្រាប់ការចំណាយពេលមកទស្សនាការប្រកួតឡើយ។

គួរជម្រាបផងដែរថា ការប្រកួតនៅលើសង្វៀន Cambodia Mas Fight ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរប៊ែរវើរីជីសម្សិលម៉ិញនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិកក្រុមហ៊ុនខ្មែរប៊ែរវើរីជីស និងឯកឧត្តមវ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ាជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប ក្នុងនោះក៏ឃើញមានការចូលរួមទស្សនាតាមរយៈការផ្សាយផ្ទាល់ពីគេហដ្ឋានដោយលោកជំទាវអគ្គនាយិកាក្រុមហ៊ុនថោនគ្រុបផងដែរ ព្រមជាមួយចំនួនអ្នកចូលទស្សនាតាមរយៈការផ្សាយផ្ទាល់រាប់ម៉ឺននាក់ និងអ្នកចូលទស្សនានៅស្ថានីយរហូតដល់ជាង 1,000 នាក់ ពិតជាចំនួនច្រើនខ្លាំងណាស់ម្សិលម៉ិញនេះ៕

        

ដោយ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២