ភ្នំពេញ៖ នៅលើសង្វៀនប្រកួតក្បាច់គុនលើកនេះ មានរឿងថ្មី ប្លែកភ្នែកបន្តិចហើយ ដោយស្ថានីយទូរទស្សន៍ថោនបានសហការជាមួយក្រុមហ៊ុន GANZBERG រៀបចំមហាព្រឹត្តិការណ៍ប្រកួតក្បាច់គុនបីថ្ងៃជាប់គ្នា ដោយមានកីឡាករចម្រុះជាតិសាសន៍មកប្រកួតក្នុងកម្មវិធីប្រកួតប្លែកៗមិនធ្លាប់មាន ក្នុងពេលតែមួយបែបនេះ។

បើជ្រុលជាលេងទឹកភ្លៀងហើយ គឺទាល់តែបែបនេះ ប្រកួត៣ថ្ងៃជាប់គឺនៅថ្ងៃទី ៤,៥,៦ ខែវិច្ឆិកាខាងមុខនេះ ស្ថានីយទូរទស្សន៍ថោននឹងរៀបចំឲ្យមានការប្រកួតដាក់ទ្រុង ដែលប្រមូលផ្ដុំសុទ្ធតែអ្នកប្រយុទ្ធក្បាច់គុនល្បីៗក្នុងស្រុក ដែលមានចំណេះជំនាញប៉ិនប្រសប់ខាងប្រកួតក្បាច់គុនចម្រុះ (MMA)មានទាំងចាស់ ទាំងក្មេង អ្នកអវត្តមានយូរក៏ហៅមកដែរ ដូច្នេះបងប្អូនត្រៀមតែសប្បាយភ្នែកទៅ ដឹងតែមិនខកបំណងឡើយ។

រាប់តែឈ្មោះកីឡាករក៏រញ្ជួយអារម្មណ៍បាត់ទៅហើយ ត្រៀម MMA Kick Boxing សង្វៀន GANZBERG WORLD KUN KHMER កីឡាករដែលត្រៀមចូលរួមប្រកួតនាថ្ងៃទី ០4 វិច្ឆិកា ចាប់ពីម៉ោង 8:00 យប់តទៅ នៅភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ មានដូចជា៖អ្នកប្រយុទ្ធជើងខ្លាំងចាន់ រតនា, កីឡាកររិន សារ័ត្ន,កីឡាករម៉ឺន មេឃា , កីឡាករឡុង ឡា, កីឡាករចាន់ សំអាត, កីឡាករហ៊ុនកន គុមខ្មែរ, កីឡាករគោរមៈ ចាន់រាជ, កីឡាករ ស៊ឹម ប៊ុនស្រ៊ុន និង កីឡាករសែនចន្ទ រិទ្ធីស័ក។ នេះត្រឹមតែសមាសភាពកីឡាករថ្ងៃទីមួយប៉ុណ្ណោះ នៅថ្ងៃទី២ និងថ្ងៃទីបន្តទៀតគឺកាន់តែខ្លាំង និងល្អជាងនេះទៅទៀត។

គួរជម្រាបផងដែរថា មហាព្រឹត្តិការណ៍នេះនឹងធ្វើឡើងរយៈពេល 3 ថ្ងៃជាប់គ្នា ដែលថ្ងៃទី 1 ការប្រកួតវាយដាក់ទ្រុង ចំណែកឯថ្ងៃទី 2 ទីតាំងនិងពេលវេលាដដែល ការប្រកួតKun Khmer xUSA ដែលមានវត្តមានជើងខ្លាំងគុនខ្មែរទាំងស្រី និងប្រុស ដោយមាន៖ កីឡាការិនីអេ យ៉ានុត, កីឡាករគឹម វាសនា, កីឡាករអេ អាំម៉ារីនភូថង , កីឡាករឈុត សេរីវណ្ណថន និងកីឡាករ អ៉ួច ធារិទ្ធ ។
បន្ថែមពីនោះវត្តមានអ្នកលេងពូថៅដៃពិឃាតធឿន ធារ៉ា នឹងត្រូវប្រកួត8 MEN TOURNAMENT ជាមួយកីឡាករដែលមកពីប្រាំបីប្រទេសទៀត នៅក្នុងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ 2025នេះ ដើម្បីទទួលបានរង្វាន់ធំពីGANZBERG ។
កុំភ្លេចរង់ចាំតាមដានទស្សនា និងអញ្ជើញទៅចូលរួមទស្សនាលើកទឹកចិត្តកីឡាករ កីឡាការិនីរបស់យើងផ្ទាល់ ទីតាំងសង្វៀនប្រកួតនៅក្បែរភូមិឬវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជនីភ្នំពេញ ដោយមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ថោន នឹងបន្តទៅកាន់ facebook page TOWN FULL HDTV, TOWN FM 102,25 និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

