ភ្នំពេញ៖ ក្រុមកីឡាករឆ្នើមយុទ្ធគុនចម្រុះកម្ពុជារបស់ក្លឹប Cambodia Top Team កំពុងមានបេសកកម្មសំខាន់មួយនៅប្រទេសវៀតណាម ត្រៀមប្រកួតខ្សែក្រវ៉ាត់ GMA ទោះបីក្នុងកាលៈទេសៈនេះក៏ដោយ ប៉ុន្តែសូមជូនពរឲ្យគ្រប់គ្នាទទួលបានជោគជ័យយកមុខមាត់ជូនប្រទេសជាតិ។


កីឡាករគ្រប់រូបបានយល់ច្បាស់ថា បច្ចុប្បន្នប្រទេសកំពុងតែមានបញ្ហា តែខ្លួនបានខិតខំអស់ពីសមត្ថភាពដើម្បីនាំទង់ជាតិកម្ពុជាបន្តឲ្យពិភពលោកកាន់តែស្គាល់ ព្រោះវីរៈកងទ័ពជួរមុខ ជាកម្លាំងចិត្តដែលធ្វើឲ្យក្រុមកីឡាករទាំងអស់បន្តមិនអាចបញ្ឈប់ ទោះអារម្មណ៍នៅជាមួយនឹងបងប្អូនខ្មែរ ប៉ុន្តែកាតព្វកិច្ចជាកីឡាករតំណាងជាតិក៏ត្រូវតែអត់ធ្មត់ដើម្បីបំពេញភារកិច្ចមួយនេះឲ្យបានល្អ ព្រោះកន្លងមកបានខិតខំហ្វឹកហាត់គ្មានពេលសម្រាកឡើយដើម្បីត្រៀមការប្រកួតដ៏សំខាន់មួយនេះ ទាំងក្បាច់ទាំងបច្ចេកទេស កម្លាំង សូម្បីតែការធ្វើគីឡូ កីឡាករគ្រប់រូប នៅតែបន្តដោយកម្លាំងកាយ ចិត្ត ។


សូមជម្រាបផងដែរថា បច្ចុប្បន្ននេះទាំងថ្នាក់ដឹកនាំ និងកីឡាករកំពុងតែស្ថិតនៅទឹកដីប្រទេសវៀតណាមដើម្បីត្រៀមប្រកួតខ្សែក្រវ៉ាត់ដ៏សំខាន់មួយក្រោយពីឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាលកន្លងមក។ កីឡាករដែលនឹងត្រៀមប្រកួតតំណាងកម្ពុជារួមមានកីឡាករជើងខ្លាំង រិន សារដ្ឋ ដែលនឹងត្រៀមប្រកួតខ្សែក្រវ៉ាត់ជាមួយម្ចាស់ផ្ទះវៀតណាមក្នុងប្រភេទទម្ងន់៦៣គីឡូ,កីឡាករជើងខ្លាំងវ័យក្មេងដែលកំពុងឆក់យកប្រជាប្រិយភាពពីរនាក់គាំទ្រនៅប្រទេសវៀតណាម គោរមៈ ច័នរាជ្យ ក៏ត្រៀមប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ជាមួយម្ចាស់ផ្ទះ ,រួមទាំងកីឡាករមួយរូបទៀត អធិជ័យ ច័ន្ទរាជ្យ ក៏នឹងត្រៀមធ្វើការធ្ងន់ប៉ះជាមួយជើងខ្លាំងមួយរូបដែលសុទ្ធតែជាម្ចាស់ផ្ទះវៀតណាមទាំងអស់ ។


សូមបញ្ជាក់ផងដែរថា ការប្រកួត និងធ្វើឡើងនៅប្រទេសវៀតណាមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះគឺជាការប្រកួតដ៏សំខាន់មួយរបស់កីឡាករទាំងបី ដ្បិតមានការប្រកួតនៅចុងខែនេះ ប្រកួតខ្សែក្រវ៉ាត់២ ដោយប្រកួតជាមួយម្ចាស់ផ្ទះធម្មតា១ ប៉ុន្តែគ្រប់ការប្រកួតទាំងអស់កីឡាករបានប្ដេជ្ញាចិត្ត និងធ្វើឲ្យបានល្អដើម្បីកម្ពុជាក៏ដូចជាវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីកម្ពុជា គ្រប់គ្នាដែលនៅជួរក្រោយ និងបន្តសកម្មភាពគ្រប់បែបយ៉ាងដើម្បីឲ្យចរន្តសេដ្ឋកិច្ច ទាំងមុខមាត់កម្ពុជាកាន់តែងើបឡើង ជាពិសេសជាកម្លាំងចិត្តសម្រាប់ប្រទេសជាតិទាំងមូល ៕

ដោយ៖ វិកគី

