ប្រទេសថៃសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី៦ ដើម្បីទប់ស្កាត់កូវីដ១៩

(បាងកក)៖ ប្រទេសថៃបានសម្រេចប្រកាសបន្តវិធានការណ៍រឹតបន្តឹងទប់ស្កាត់ នឹងជំងឺរាតត្បាតសកលកូវីដ១៩ ជាលើកទី៦ គឺរហូតដល់ចុងខែតុលា ឆ្នាំ២០២០ ទោះបីជាស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសនេះ បានធូរស្រាលខ្លាំងយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន bangkokpost នៅថ្ងៃអង្គារ ទី ២៩ ខែកញ្ញា ឆ្នាំ២០២០។

កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលថៃក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា បានសម្រេចឲ្យនាយកដ្ឋានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩  បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន សម្រាប់រយៈពេលមួយខែទៀតនៅទូទាំងប្រទេសគឺរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ជំងឺកូវីដ១៩ ។ ដោយឡែកចំពោះភ្ញៀវទេសចរដែលមកពីបណ្តាប្រទេស ដែលមានអត្រាទាបនៃការឆ្លងរាតត្បាតកូវីដ១៩ អាចទទួលបានទិដ្ឋាការទេសចរណ៍រយៈពេល០៣ខែ ហើយអាចពន្យារបានពីរដងសម្រាប់ការស្នាក់នៅរយៈពេលយូរ ដែលមានរយៈពេលច្រើនបំផុត០៩ខែ។

គួរជម្រាបថា គិតត្រឹមថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះ ប្រទេសថៃមានករណីឆ្លងកូវីដ១៩សរុបចំនួន៣,៥៤៥នាក់ ជាសះស្បើយចំនួន៣,៣៦៩នាក់ និងស្លាប់ចំនួន៥៩នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២