(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសខ្លួនបានរកឃើញនូវកំហុសឆ្គងមួយចំនួន ដែលមិនបានបញ្ជាក់ច្បាស់លាស់នៅក្នុងវិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ចំពេលមានភាពចម្រូងចម្រាសជុំវិញការសម្លាប់ជនជាតិកូរ៉េខាងត្បូង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនកាលពីថ្ងៃអង្គារម្សិលមិញបានកោះប្រជុំក្រុមប្រឹក្សានយោបាយដ៏មានឥទ្ធិពលរបស់គណបក្សពលករ ដើម្បីពិនិត្យឡើងវិញនូវវិធានការប្រឆាំងនឹងកូវីដ១៩ និងពិភាក្សារកវិធីដើម្បីកែលម្អពួកគេ។ ទោះជាយ៉ាងណានៅឯកិច្ចប្រជុំនយោបាយនោះ មិនបានបញ្ជាក់ច្បាស់លាស់ថាជាកំហុសអ្វីនោះទេគ្រាន់តែដឹងថា កំហុសមួយចំនួនត្រូវបានរកឃើញក្នុងអំឡុងពេលនៃការអនុវត្តវិធានការការពារមេរោគកូវីដ១៩។
ការជួបជុំនេះបានកើតឡើងបន្ទាប់ពីមន្រ្តីជលផលកូរ៉េខាងត្បូងម្នាក់ត្រូវបានបាញ់សម្លាប់ដោយទាហានកូរ៉េខាងជើងនៅឯសមុទ្រកាលពីសប្តាហ៍មុន ដែលជាឧប្បត្តិហេតុដ៏ធំមួយដែលបានធ្វើឱ្យជនជាតិកូរ៉េខាងត្បូងជាច្រើនមានការភ្ញាក់ផ្អើល។
គួរជម្រាបថា ទីក្រុងសេអ៊ូលបានចោទប្រកាន់ទាហានកូរ៉េខាងជើងថាបានដុតសាកសពបុរសនោះបន្ទាប់ពីបានសម្លាប់គាត់ ខណៈពេលដែលទីក្រុងព្យុងយ៉ាងបានបដិសេធថាពួកគេគ្រាន់តែដុតឧបករណ៍បង្វិលដែលគាត់កំពុងប្រើដើម្បីការពារហានិភ័យនៃការឆ្លងមេរោគតែប៉ុណ្ណោះ៕