(ហុងកុង)៖ ប៉ូលីសហុងកុងរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងហុងកុងនៅថ្ងៃព្រហស្បតិ៍ទី១ ខែតុលានេះ ដើម្បីបង្ក្រាបការប្រមូលផ្តុំដ៏ធំណាមួយអាចនិងកើតឡើង មុនការដើរដង្ហែរក្បួននៅថ្ងៃបុណ្យជាតិរបស់ប្រទេសចិន ដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យទោះបីជាអាជ្ញាធរហាមឃាត់បាតុកម្មក៏ដោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០។
សាធារណរដ្ឋប្រជាមានិតចិនអបអរការបង្កើតរបស់ខ្លួននៅថ្ងៃទី១ ខែតុលានេះ ជាមួយនឹងថ្ងៃឈប់សម្រាក និងការប្រគុំតន្ត្រី។ ប៉ុន្តែនៅទីក្រុងហុងកុងវិញវាបានក្លាយជាថ្ងៃនៃសេចក្តីសោកសៅសម្រាប់អ្នកដែលមានការព្រួយបារម្ភអំពីការរំលោភយកសិទ្ធសេរីភាពដោយទីក្រុងប៉េកាំងរបស់ចិន។
អាជ្ញាធរបានបដិសេធមិនឲ្យមានការធ្វើបាតុកម្មនៅឆ្នាំនេះ ដោយលើកឡើងពីកង្វល់សន្តិសុខ និងការហាមឃាត់ប្រឆាំងនឹងមេរោគឆ្លងដោយមិនអនុញ្ញាតិឲ្យមនុស្ស ៤នាក់ប្រមូលផ្តុំនៅទីសាធារណៈ។ ជាមួយគ្នានេះ ប៉ូលីសចំនួន ៦.០០០ នាក់ត្រូវបានគេរៀបចំពង្រាងដើម្បីបញ្ឈប់ការតវ៉ាណាមួយ នឹងត្រៀមកម្លាំងទ្វេដងបម្រុងទុកសម្រាប់ទប់ទល់បាតុកម្មដែលអាចនឹងកើតមាន។
ទិវាជាតិចិន ១ តុលាត្រូវបានអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននៅហុងកុងអាក់អន់ចិត្តដែលនិយាយថាទីក្រុងប៉េកាំងកំពុងបំផ្លាញសេរីភាពដ៏ទូលំទូលាយដែលអតីតអាណានិគមអង់គ្លេសបានសន្យានៅពេលដែលវិលត្រឡប់ទៅរកការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ ១៩៩៧ ។
គួរជម្រាបថា កាលពីឆ្នាំមុនខួបលើកទី៧០ បាននាំមកនូវការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមបាតុករនិងប៉ូលីសក្នុងអំឡុងពេលបាតុកម្មប្រជាធិបតេយ្យរយៈពេល ៧ខែជាប់ៗគ្នាដែលបានវាយប្រហារមកលើទីក្រុងហុងកុង៕




