(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងលោកស្រី Melania Trump កំពុងចាប់ផ្តើមការដាក់ខ្លួនឋិតនៅដាច់ដោយឡែក នៅពេលពួកគេកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត៍រកមេរោគឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីជំនួយការកំពូលមួយរូបដែលលោក Trump បានចំណាយពេលច្រើនជាមួយនៅក្នុងសប្តាហ៍នេះបានធ្វើតេស្តវិជ្ជមាន Covid-19 ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន SouthChinaMorningPost នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។
ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីលោកបានបញ្ជាក់ថាលោកស្រី Hicksដែលជាជំនួយការម្នាក់ក្នុងចំណោមជំនួយការកំពូលបំផុតរបស់លោកបានធ្វើតេស្ត៍វិជ្ជមាន Covid-19 កាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានសរសេរតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះថា“ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំកំពុងរង់ចាំលទ្ធផលធ្វើតេស្ត៍ ហើយក្នុងពេលនេះយើងនឹងចាប់ផ្តើមការដាក់ខ្លួនឋិតនៅដាច់ដោយឡែក ហើយយើងនឹងទទួលបានលទ្ធផលតេស្ត៍របស់ពួកយើងនៅយប់នេះ ឬព្រឹកថ្ងៃស្អែក”
គួរជម្រាបថា លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក Trump នៅពីពេលថ្មីៗនេះ ក្នុងនោះរួមមានកាលពីថ្ងៃអង្គារ ចូលរួមវេទិកាតស៊ូមតិក្នុងទីក្រុង Cleveland និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ Minnesota ផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានលម្អិតថា តើលោកស្រី Hicks មានរោគសញ្ញាធ្ងន់ ឬក៏ស្រាលនៅឡើយទេ៕