ប្រធានាធិបតីអាមេរិកលោក Trump វិលត្រឡប់ទៅកាន់សេតវិមានវិញហើយ ក្រោយទទួលការព្យាបាលរយៈពេលសខ្លីនៅមន្ទីរពេទ្យ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទ ទី៥ ខែតុលានេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានចាកចេញពីមន្ទីរពេទ្យ ជាកន្លែងដែលលោកបានទទួលការព្យាបាលជំងឺកូវីដ១៩ និងបានឡើងជិះឧទ្ធម្ភាគចក្រដើម្បីវិលត្រឡប់ទៅកាន់សេតវិមានវិញ ខណៈថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅសល់តែ ៤សប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ បានចាកចេញពីមន្ទីរពេទ្យ Walter Reed Medical Center ដោយពាក់ម៉ាសការពារហើយ​នៅពេលអ្នកសារព័ត៌មានសួរថាតើមានមនុស្សប៉ុន្មាននាក់ បានឆ្លងកូវីដ១៩ នៅឯសេតវិមាន លោកត្រាំ គ្រាប់តែតបយ៉ាងខ្លីថា អរគុណអ្នកទាំងអស់គ្នា។ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ បានប្រកាសថាលោកនឹងចាកចេញពីមន្ទីរពេទ្យ ខណៈក្រុមគ្រូពេទ្យ អះអាងថា បច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក មានសុខភាពល្អធម្មតាវិញហើយ មិនមានអាការៈក្ដៅខ្លួនគួរឲ្យកត់សម្គាល់ឡើយ ។

លោក ត្រាំបានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា៖‍ យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្ដើមឡើងវិញនៅពេលឆាប់ៗនេះ, ព័ត៌មាន ក្លែងក្លាយ គឺមានតែបង្ហាញពីការស្ទង់មតិក្លែងក្លាយប៉ុណ្ណោះ។ លោក ត្រាំ បន្ថែមថា៖ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់! កុំខ្លាច​​​ កូវីដ១៩ កុំទុកឱ្យវាគ្របដណ្តប់លើជីវិតរបស់អ្នក, នៅក្រោមរដ្ឋបាលត្រាំ យើងបានអភិវឌ្ឍចំណេះដឹង និងថ្នាំព្យាបាលដ៏អស្ចារ្យមួយចំនួន ខ្ញុំមានល្អអារម្មណ៍ណាស់, ល្អជាងកាលពី២០ឆ្នាំមុនទៅទៀត។

គួរជម្រាបថា លោក ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋដែលត្រូវឈរឈ្មោះបោះឆ្នោតប្រឆាំងនឹង គណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានចូលមន្ទីរពេទ្យកាលពីថ្ងៃសុក្របន្ទាប់ពីត្រូវបានគេធ្វើតេស្តឃើញថាលោកបានឆ្លងជំងឺកូវីដ១៩។ បច្ចុប្បន្នជំងឺនេះបានសម្លាប់មនុស្សជាង ១លាននាក់នៅទូទាំងពិភពលោក និងច្រើនជាង ២០៩.០០០នាក់នៅសហរដ្ឋអាមេរិកដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅជុំវិញពិភពលោក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២