វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានឲ្យដឹងនៅថ្ងៃអង្គារទី ៦ ខែតុលានេះថា វេទិកាការជជែកដេញដោលដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយជាមួយបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋលោក Donald Trump មិនគួរកើតឡើងទេប្រសិនបើលោក Trump នៅតែមិនទាន់សះស្បើយពីCOVID-១៩ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។
លោក Biden បាននិយាយក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួននៅឯនៅរដ្ឋ Pennsylvania ថា “វេទិកាតស៊ូមតិ នៅថ្ងៃទី១៥ ខែតុលា នៅក្នុងទីក្រុងMiami គួរតែត្រូវបានធ្វើឡើង តែត្រូវឋិតក្នុងវិធានការណ៍ណែនាំសុខភាពយ៉ាងតឹងរឹងបំផុត ហើយការផ្ទុះឡើងនៃការឆ្លងជំងឺCOVID-១៩ របស់លោក Trump និងមន្រ្តីសេតវិមានផ្សេងទៀតជាបញ្ហាដ៏ធ្ងន់ធ្ងរ, ប្រសិនបើគាត់នៅតែមានជំងឺ COVID-១៩ យើងមិនគួរមានវេទិកាតស៊ូមតិនោះទេ”។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក Biden អ្នកនាំពាក្យយុទ្ធនាការបោះឆ្នោតរបស់លោក Trump លោក Tim Murtaugh បានលើកឡើងយ៉ាងខ្លីថា “លោកប្រធានាធិបតី Trump នឹងមានសុខភាពល្អ ហើយវាគឺជាបំណងរបស់លោកដែលចង់ចូលរួមក្នុងវេទិកាតស៊ូមតិ”។
លោកប្រធានាធិបតី Trump បានវិលត្រឡប់ទៅកាន់សេតវិមានវិញនៅថ្ងៃច័ន្ទបន្ទាប់ពីបានសម្រាកព្យាបាល៣យប់នៅឯមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះជំងឺ COVID-១៩នៅតែបន្តរីករាលដាលក្នុងចំណោមជំនួយការកំពូលៗរបស់លោក Trump ដោយលោក Stephen Miller ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃសេតវិមានក៏បានធ្វើតេស្តវិជ្ជមានCOVID-១៩ដែរ នៅថ្ងៃអង្គារនេះ៕

