វ៉ាស៊ីនតោន៖ នៅថ្ងៃពុធដើមសប្តាហ៍នេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសពីបំណងរបស់ខ្លួនថា នឹងដកកងទ័ពសហរដ្ឋអាមេរិកទាំងអស់ពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃបុណ្យណូអែលខាងមុខ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០។
នៅលើបណ្តាញសង្គម Twitter លោក Trump បាននិយាយថា“ យើងគួរតែអនុញ្ញាតឲ្យវីរជនក្លាហាន របស់យើងដែលកំពុងបម្រើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រលប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល!” ។ លោក Trump និយាយបែបនេះគឺប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បាននិយាយថាសហរដ្ឋអាមេរិកមានកងទ័ពប្រមាណ៥,០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងធ្លាក់ចុះដល់ ២,៥០០ នាក់នៅដើមឆ្នាំក្រោយ ។
កិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងតាលីបង់កាលពីខែកុម្ភៈគឺតម្រូវឲ្យកងកម្លាំងបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថាននៅខែឧសភាឆ្នាំ២០២១ ដែលជាថ្នូរនឹងការប្រឆាំងអំពើភេរវកម្មពីពួកតាលីបង់ ដែលបានយល់ព្រមចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងចែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
គួរជម្រាបថា ខណៈពេលដែលកិច្ចពិភាក្សាបានកើតឡើងនៅក្នុងរដ្ឋធានីកាតា ទាហានអាហ្វហ្គានីស្ថាន និងយុទ្ធជនតាលីបង់ជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ក្នុងនោះដែរជនស៊ីវិលរាប់សិបនាក់ក៏បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ៕