(សេអ៊ូល)៖ កូរ៉េខាងជើងនឹងរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នៅទីលានបិតាស្ថាបនិក គីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយត្រូវបានគេរំពឹងថានឹងធ្វើការបង្ហាញនូវអាវុធដែលទំនើបៗបំផុតរបស់ខ្លួន បើទោះជាកំពុងអនុវត្តវិធានការរឹតត្បិតប្រឆាំង COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
ព្យុហយាត្រាទ្រងទ្រាយធំខាងលើ នឹងត្រូវធ្វើឡើងក្នុងរដ្ឋធានីព្យុងយ៉ាង នាឱកាសនៃការប្រារព្ធខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សពលករ ដែលត្រូវនឹងថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ ទាហានរាប់ពាន់នាក់នឹងដើរក្បួនឆ្លងកាត់ទីលានគីម អ៊ីលស៊ុង ដែលត្រូវបានគេដាក់ឈ្មោះអោយស្ថាបនិកកូរ៉េខាងជើងក្រោមការសំលឹងមើលពីចៅប្រុសរបស់គាត់លោក គីម ជុងអ៊ុន ដែលជាសមាជិកទី ៣ នៃគ្រួសារដើម្បីគ្រប់គ្រងប្រទេស។
ក្រុមអ្នកវិភាគបានបង្ហាញថា ព្យុហយាត្រាយោធានេះ នឹងត្រូវធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ខណៈយោធាកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះក៏បានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងបញ្ចេញមីស៊ីលផ្លោងឆ្លងទ្វីបស៊េរីថ្មី និងអាវុធយុទ្ធសាស្រ្តជាច្រើនទៀតផងដែរ។
គួរជម្រាបថា ការប្រារព្ធខួបលើកទី៧៥ នៅក្នុងឆ្នាំនេះ នឹងធ្វើឡើងនៅចំពេលកូរ៉េខាងជើងកំពុងអនុវត្តវិធានការណ៍ប្រយុទ្ធប្រឆាំង COVID-19។ កូរ៉េខាងជើង នៅមិនទាន់បានរាយការណ៍ពីករណីឆ្លង COVID-19 ណាមួយឡើយ នៅទូទាំងប្រទេស ៕