(វ៉ាស៊ីនតុន)៖ ក្រុមគ្រូពេទ្យរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី ៨ ខែតុលាថា លោក ត្រាំ បានបញ្ចប់ការព្យាបាលជំងឺ COVID-19 ហើយលោកនៅតែមានសុខភាពធម្មតាចាប់តាំងពីវិលត្រឡប់មកសេតវិមាន និងអាចវិលត្រឡប់ទៅកាន់វេទិកាសាធារណៈវិញនៅថ្ងៃសៅរ៍នេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០។
វេជ្ជបណ្ឌិត Sean Conley បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដែលចេញដោយសេតវិមានថាលោក ត្រាំ មានសុខភាពល្អបំផុត ចាប់តាំងពីវិលត្រឡប់មកសេតវីមានវិញ រាងកាយរបស់គាត់នៅតែមានស្ថេរភាព និងគ្មានរោគសញ្ញាណាមួយបង្ហាញពីការវិវត្តនៃជំងឺឡើយ។ លោក ត្រាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីលោកបានប្រកាសថាលោកបានឆ្លងវីរុសនេះ នឹងបានត្រលប់ទៅសេតវិមានវិញនៅថ្ងៃច័ន្ទ។ ថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី ១០ ហើយចាប់តាំងពីការធ្វើតេស្តរបស់ លោក ត្រាំ ដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យដ៏ជឿនលឿន ក្រុមគ្រូពេទ្យរំពឹងទុកយ៉ាងពេញលេញថាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ប្រធានាធិបតីចំពោះការចូលរួមជាសាធារណៈនិងអាចធ្វើទៅបាននៅថ្ងៃសៅរនេះ។
គួរជម្រាបថា ការប្រកាសរបស់ក្រុមគ្រូពេទ្យសេតវិមាននេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការចម្រុះទទួលបន្ទុករៀបចំកិច្ចពិភាក្សាដេញដោលប្រធានាធិបតី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការជជែកដេញដោលជុំទី២ រវាងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុននេះ នឹងប្តូរមកធ្វើតាមរយៈប្រព័ន្ធអនឡាញ(ពីចម្ងាយ) ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីដូណាល់ ត្រាំ បានចេញមុខមកប្រកាសភ្លាមៗថា លោកនឹងមិនចូលរួមក្នុងវេទិការតស៊ូមតិជុំទី២ ជាមួយបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន ដែលនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញនោះទេ៕