(បាងកក)៖ កាលពីថ្ងៃអាទិត្យ មេដឹកនាំក្រុមបាតុករថៃបានប្រកាសផែនការហ៊ុំព័ទ្ធវិមានរដ្ឋាភិបាលដើម្បីទាមទារឲ្យរដ្ឋាភិបាលលោកប្រាយុទ្ធ ចុះចេញពីតំណែង នៅអំឡុងពេលបាតុកម្មនៅថ្ងៃពុធ ទី១៤ខាងមុខនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន bangkokpost នៅថ្ងៃចន្ទ ទី ១២ ខែតុលា ឆ្នាំ២០២០។
លោក Arnon Nampa ដែលជាសហប្រធានក្រុមស្តារប្រជាធិបតេយ្យ និងក្រុមយុវជនសេរី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនឹងប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យនៅថ្ងៃពុធ មុននឹងបន្តទៅហ៊ុំព័ទ្ធវិមានរដ្ឋាភិបាល។ ក្រុមបាតុករដែលមកពីគ្រប់មជ្ឈដ្ឋាននឹងរៀបចំជំរំនៅខាងក្រៅវិមានរដ្ឋាភិបាល ដើម្បីដាក់សម្ពាធលើលោកប្រាយុទ្ធ ចាន់អូចា អោយលាលែងពីតំណែង។
នៅព្រឹកថ្ងៃអាទិត្យនេះលោក Arnon Nampa បានបង្ហាញខ្លួននៅឯការជួបជុំប្រឆាំងនឹងរដ្ឋាភិបាលនៅមុខវិមាន Thao Suranaree ក្នុងខេត្ត Nakhon Ratchasima ។ លោកបានប្រាប់ក្រុមអ្នកប្រមូលផ្តុំតវ៉ាថា ឥឡូវនេះទទួលបានថវិកាគ្រប់គ្រាន់ដើម្បីបន្តសកម្មភាពនេះយ៉ាងហោចណាស់មួយខែ នឹងរំពឹងថានឹងចាប់ផ្តើមយុទ្ធនាការដំបូងរយះពេល ៧ថ្ងៃជាប់ៗគ្នាសម្រាប់ការបណ្តេញ លោកប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង, ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ និងកំណែទម្រង់នៃរបបរាជានិយម។
ដោយឡែកសមាជិកព្រឹទ្ធសភាលោក Suwaphan Tanyuvardhana ប្រធានគណៈកម្មការព្រឹទ្ធសភាស្តីពីកិច្ចការពាររបបរាជានិយម កាលពីម្សិលមិញបានរិះគន់ក្រុមបាតុករដោយនិយាយថាអាកប្បកិរិយារបស់អ្នកដែលមិនគោរពរបបរាជានិយមគឺគួរឱ្យស្អប់ខ្ពើម។ លោក Suwaphan បាននិយាយបន្ថែមថា រាជាធិបតេយ្យគឺជាស្ថាប័នកំពូលរបស់រាជាណាចក្រដែលត្រូវបានប្រជាជនថៃគោរព។
យោងតាមប្រភពព័ត៌មានពីប៉ូលីសបានអោយដឹងថាការប្រជុំរបស់មន្រ្តីជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានណែនាំអោយមន្រ្តីទាំងអស់ចៀសវាងការប្រើប្រាស់កម្លាំង ហើយនឹងបង្កើតប៉ុស្តិ៍សន្តិសុខចំនួន ២១ កន្លែងនៅល្ងាចថ្ងៃស្អែកដើម្បីត្រួតពិនិត្យ។ សូមជម្រាបថា រហូតមកដល់ពេលនេះក្រុមមេដឹកនាំបាតុកម្មមិនបានសុំការអនុញ្ញាតពីអាជ្ញាធរដើម្បីធ្វើបាតុកម្មនោះទេ៕