កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងវិលមករកតុពិភាក្សាដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានអំពាវនាវដល់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យនេះ ឱ្យវិលត្រឡប់មករកតុចរ​ចាវិញ ដើម្បីទទួលបាននូវកិច្ចពិភាក្សាការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុង និងការរក្សាសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី ១២ ខែតុលា ឆ្នាំ២០២០។

ក្រសួងការបរទេសកូរ៉េខាងត្បូងចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកត់សំគាល់សេចក្តីប្រកាសរបស់កូរ៉េខាងជើងស្តីពី ការស្តារឡើងវិញនូវទំនាក់ទំនងអន្តរកូរ៉េនៅពេលមានលក្ខខណ្ឌសមស្របត្រូវបានបង្កើតឡើង និងរំពឹងថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបចំពោះការអំពាវនាវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ស្តីពីសេចក្តីប្រកាសបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាប្រទេសកូរ៉េខាងត្បូង នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់វឌ្ឍនភាពដ៏សំខាន់ តាមរយៈការគ្រប់គ្រងស្ថេរភាពនៃឧបទ្វីបកូរ៉េ និងតាមរយៈការសន្ទនា ក្រោមជំហរជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ។

គួរជម្រាបថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងធ្វើព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច (WPK) ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េ លោកគីម ជុងអ៊ុន ប្រធានក្រុមប្រឹក្សា WPK ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ និងជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងបានចូលរួមព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅទីលានគីម អ៊ីលស៊ុង ជាមួយនឹងក្បួនដង្ហែរយោធាមួយត្រូវបានបង្ហាញនៅទីលាននៅកណ្តាលទីក្រុង រួមជាមួយអាវុធយុទ្ធសាស្រ្តដែលទើបនឹងបង្កើតថ្មី និងអាវុធយោធាដទៃទៀតជាច្រើន។

នៅថ្ងៃអាទិត្យនេះដែរគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូងក៏បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីវិភាគសុន្ទរកថារបស់លោកគីម ជុងអ៊ុន នឹងអាវុធយុទ្ធសាស្ត្រថ្មីៗរបស់កូរ៉េខាងជើងផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២