ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora បានបង្ហាញគំនិតផ្តួចផ្តើមថ្មី “រលកស្រ្តី” ដឹកនាំដោយក្រុមស្ត្រីនៅក្នុងសហគមន៍កោះស្តេច ដែលកំពុងធ្វើការកែច្នៃសំណាញ់នេសាទដែលឈប់ប្រើប្រាស់ឱ្យក្លាយជាផលិតផល គ្រឿងអលង្កា ដ៏ស្រស់ស្អាត និងអាចដាក់លក់បាន។

បើតាមអង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora បានឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុមស្ត្រី សហគមន៍កោះស្តេច ពួកគាត់បានប្រមូលសំណាញ់នេសាទឈប់ប្រើប្រាស់បានរហូតដល់ទៅ៥៧៧គីឡូ ក្រាម ហើយកែច្នៃទៅជាផលិតផលដ៏មានតម្លៃ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជួយកាត់បន្ថយបញ្ហាការបោះចោលឧបករណ៍នេសាទឈប់ប្រើប្រាស់ចូលទៅក្នុងសមុទ្រ ដែលមិនត្រឹមតែបំផ្លាញធនធានសមុទ្ររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្កើតចំណូលដល់សហគមន៍នៅក្នុងមូលដ្ឋានផងដែរ ។ ដោយមានការគាំទ្រពីអង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora និងដៃគូ Remade ក្រុមស្ត្រីទទួលបានការបណ្តុះបណ្តាលលើជំនាញសំខាន់ៗជាច្រើន ដូចជា៖ ការដេរ ការរចនា ការធ្វើទីផ្សារ និងសហគ្រិនភាព។

មកដល់ពេលនេះ ក្រុមស្ត្រីសហគមន៍កោះស្តេចអាចផលិតបានផលិតផលកែច្នៃនេះបានជាង១៥ប្រភេទ រួមមាន៖ កាបូប ខ្សែដៃ ខ្សែក ក្រវិល និងផលិតផលផ្សេងៗទៀតជាច្រើនប្រភេទផងដែរ ។នេះបើយោងតាម អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora ៕


