ឥណ្ឌា និងចិនធ្វើកិច្ចចរចាកម្រិតយោធាសារជាថ្មី ដើម្បីបញ្ចប់ជម្លោះព្រំដែន

(ញូដេលី)៖  ​មេបញ្ជាការយោធាជាន់ខ្ពស់ឥណ្ឌា និងចិនបានបើកកិច្ចពិភាក្សាជាថ្មី កាលពីថ្ងៃចន្ទនេះ​ ក្នុងគោលបំណងដើម្បីបញ្ឈប់ការប្រឈមមុខគ្នានៅតាមព្រំដែនដែលមានជម្លោះនៅក្នុងតំបន់Ladakh  ដែលកិច្ចចរចានេះ ត្រូវបានធ្វើឡើងនៅផ្នែកខាងព្រំដែននៃប្រទេសឥណ្ឌាក្នុងតំបន់Chushul។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី ១៣ ខែតុលា ឆ្នាំ២០២០។

នៅក្នុងកិច្ចចរចារលើទី៧នេះ រដ្ឋាភិបាលទីក្រុងញូដេលីបានស្នើឲ្យទីក្រុងប៉េកាំង ដកកងទ័ពចេញមុនពីតំបន់ Ladakh និងនៅក្នុងតំបន់ភាគខាងជើង និងខាងត្បូងនៃបឹង Pangong ដោយឡែកភាគីចិនវិញក៏បានស្នើឲ្យភាគីឥណ្ឌាដកកងទ័ពចេញមុនពីតំបន់ខាងលើដូចគ្នាផងដែរ។ការចរចានេះកើតឡើងនៅពេលដែលទាហានគូប្រជែងរាប់ម៉ឺននាក់នៃភាគីទាំងសងខាងដែលមានទាំងកាំភ្លើងធំ រថក្រោះ និងយន្ដហោះចម្បាំងបានត្រៀមសម្រាប់ស្ថានភាពអាក្រក់ណាមួយកើតឡើងនៅក្នុងតំបន់ជម្លោះព្រំដែន។ ប្រទេសឥណ្ឌា និងចិនបានធ្វើកិច្ចចរចាជាច្រើនលើកដោយមន្រ្តីយោធាការទូត និងនយោបាយ រួមទាំងការចរចារវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៅទីក្រុងមូស្គូកាលពីខែមុនផងដែរ។

ទោះបីជាការប្រឈមមុខដាក់គ្នានៅតែបន្តកើតមានក៏ដោយក៏កិច្ចចរចានេះហាក់ដូចជាបានធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនស្ងប់ស្ងៀម ខណៈដែលគ្មានការឈ្លានពានយោធាថ្មីត្រូវបានគេរាយការណ៍អស់រយៈពេលមួយខែមកហើយ។

គួររំលឹកផងដែរថា កាលពីខែមុនប្រទេសចិន និងឥណ្ឌាបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបញ្ជូនទាហានទៅទឹកដីរបស់ខ្លួននៅតំបន់ Pangong និងបានបាញ់ព្រមានជាលើកដំបូងនៅក្នុងរយៈពេល ៤៥ ឆ្នាំដែលបង្ករឲ្យការប្រឈមមុខដាក់កាន់តែអាក្រក់ឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២