លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរៈកងទ័ពពលី!

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរៈកងទ័ពពលី នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានពាំនាំនូវប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរៈកងទ័ពផងដែរ។​

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតបាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរៈកងទ័ព ពិសេសក៏បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរៈកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា​ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា​ ដែលនេះគឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរៈកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ៕

    

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២