ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល)និងជាតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកម្រិតអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសំណើចរចាថ្លៃលើការងារស្ថាបនា ស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ព្រមទាំងគម្រោងការពារច្រាំងទន្លេ សរុបចំនួន ១២គម្រោង ស្ថិតក្នុងកញ្ចប់ថវិកាជំពូក ២១ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦។ដោយគម្រោងទាំង ១២ នេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន ០៨ រួមមាន៖ ខេត្តពោធិ៍សាត់ (០៣គម្រោង), ខេត្តកំពង់ចាម និងស្វាយរៀង (០២គម្រោង) និងខេត្តកំពង់ធំ បន្ទាយមានជ័យ តាកែវ សៀមរាប និងខេត្តកណ្តាល (០១គម្រោង) ក្នុងមួយខេត្ត។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការលទ្ធកម្ម (គ.ល) អង្គភាពលទ្ធកម្ម (អ.ល) នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។


នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សុត រស្មី បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធានានូវភាពត្រឹមត្រូវ គណនេយ្យភាព សង្គតិភាព និងតម្លាភាព តាមរយៈការពិនិត្យ និងវាយតម្លៃរួមគ្នាលើបទដ្ឋានបច្ចេកទេស និងតម្លៃប៉ាន់ស្មានជាក់ស្តែង។ ការពិភាក្សានេះ ក៏បានផ្តោតសំខាន់លើគុណភាព និងនិរន្តរភាពនៃសំណង់ ដោយផ្អែកលើស្ថានភាពផ្ទាល់ និងការប្រែប្រួលតម្លៃក្នុងបរិបទសេដ្ឋកិច្ចសកល មុននឹងឈានដល់ការសម្រេចឯកភាពជាផ្លូវការ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាកសិករ និងការបង្កបង្កើនផលក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ សំណាង

