ភ្នំពេញ ៖ ស្រ្តីជាជនជាតិចិនម្នាក់បានជិះរថយន្តតាក់ស៊ីមួយគ្រឿងចេញពីក្រុងប៉ោយប៉ែត មកស្នាក់នៅសណ្ឋាគារ ចុងស៊ីញនៅក្រុងភ្នំពេញ ពេលមកដល់ឈប់រថយន្តរួចបើកទ្វារចុះស្រាប់តែមិនស្រួលខ្លួនទន់ដៃទន់ជើងក៏មកអង្គុយលើកៅអីស្រាប់តែគាំងបេះដូងស្លាប់នៅលើកៅអីភ្លាមៗតែម្តង។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខសណ្ឋាគារចុងស៊ីញ ស្ថិតនៅលើផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តតាក់ស៊ីមួយគ្រឿងបានដឹកស្រ្តីរងគ្រោះជាជនជាតិចិនម្នាក់ រួមដំណើរជាមួយស្រ្តីជនជាតិចិនដូចគ្នាម្នាក់ទៀតចេញពីក្រុងប៉ោយប៉ែត ឆ្ពោះមកភ្នំពេញដើម្បីស្នាក់នៅសណ្ឋាគារចុងស៊ីញ ខណៈពេលបើករថយន្តមកដល់ចំណុចកើតហេតុ ក៏បើកទ្វារចុះពីក្នុងរថយន្ត ស្រាប់តែមិនស្រួលខ្លួន រួចមកអង្គុយលើកៅអីស្រាប់តែខ្យល់គ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯរថយន្តតាក់ស៊ីបានបើកចេញពីកន្លែងកើតហេតុបាត់តែម្តង ក្រោយមកក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ ហើយក៏បានយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងនៃសព រួចក៏រាយការណ៍ទៅផ្នែកជំនាញបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វើកោសល្យវិច័្ចយលើសព ។ ក្រោយពីកម្លាំងជំនាញពិនិត្យរួច ដោយបញ្ជាក់ថាសពស្លាប់ដោយសារខ្យល់គ រួចធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លាជាបណ្ដោះអាសន្នដើម្បីទាក់ទងរកសាច់ញាតិតាមក្រោយ៕

ដោយ៖ វិសាល

