បន្ទាប់ពីមានការផ្សព្វផ្សាយ បង្ហោះចែករំលែក និងបញ្ចេញមតិព្រោងព្រាតនៅលើបណ្តាញសង្គមពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលយុវជនម្នាក់បានជិះរថយន្តស៊េរីទំនើបបើកបុកជនរងគ្រោះបណ្តាលឱ្យស្លាប់រហូតដល់៦នាក់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិធ្វើការងារនេះហើយ ដោយឱ្យចាប់អ្នកបើកបរយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើផេកហ្វេសប៊ុករបស់សម្តេចនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
សម្តេចធិបតីបានបន្តទៀតថា ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។


ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។ ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

ដោយ៖ វិចិត្រ

