ក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ នៃរដ្ឋាភិបាលអូស្ត្រាលី បានចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ក្នុងពិធីសម្ពោធជាផ្លូវការនូវ «ជណ្តើរត្រីបង្ហាញទី៤»។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចសហការរវាងសាកលវិទ្យាល័យ Charles Sturt និងរដ្ឋបាលជលផលនៃប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រថវិកាពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP )។ ជណ្តើរត្រីនេះត្រូវបានសាងសង់ឡើងនៅលើដងស្ទឹងព្រែកត្នោត ដែលជាដៃទន្លេដ៏សំខាន់ហូរចាក់ទៅកាន់ទន្លេមេគង្គតាមរយៈទន្លេបាសាក់។

សម្រាប់ការរចនាបច្ចេកទេស ជណ្តើរត្រីនេះត្រូវបានសាងសង់ឡើងតាមទម្រង់ “Faceted Cone Design” (រាងជាត្បូងពេជ្រ) ដែលឆ្លើយតបទៅនឹងសន្ទុះល្បឿនទឹក បន្ទាប់ពីឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់ក្នុងតំបន់។ បច្ចេកវិទ្យានេះ ជួយសម្រួលដល់ការបំលាស់ទីរបស់មច្ឆាជាតិចម្រុះប្រភេទក្នុងអាងទន្លេមេគង្គ ឱ្យអាចហែលឆ្លងកាត់ទៅកាន់ផ្នែកខាងលើនៃដងស្ទឹងបានយ៉ាងប្រសើរ។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងទៀតថា យោងតាមលទ្ធផលស្រាវជ្រាវរបស់គម្រោង ACIAR FishTech បានបង្ហាញថា មានប្រភេទត្រីរហូតដល់ ១២៤ ប្រភេទ បានហែលឆ្លងកាត់ជណ្តើរត្រីនេះ។ ទិន្នន័យនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការចូលរួមការពារបរិស្ថាន បង្កើនសន្តិសុខស្បៀង និងការអភិរក្សធនធានជលផលក្នុងតំបន់មេគង្គ ប្រកបដោយចីរភាព៕



ដោយ៖ វិចិត្រ

