អាណិតខ្លោចចិត្ត! កុមារអាយុទើបតែ២ឆ្នាំត្រូវម្តាយចុងចិត្តអប្រិយវាយទាត់ធាក់រហូតដល់ស្លាប់

ពិតជាសាហាវខ្លាំងណាស់ ស្ត្រីជាម្តាយចុងម្នាក់ ដោយសារតែខឹងកូនអាយុទើបតែ២ឆ្នាំចាក់សាប៊ូលេងបានបង្កជាហិង្សាវាយទាត់ធាក់រហូតដល់កុមាររងគ្រោះស្លាប់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា អំពើហិង្សាវាយទាត់ធាក់រហូតដល់កុមាររងគ្រោះស្លាប់នោះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍ដដែលបានបញ្ជាក់ថា កុមារដែលត្រូវបានម្តាយចុងវាយរហូតដល់ស្លាប់នោះមានឈ្មោះ ឌី ភត្រា ភេទប្រុស អាយុ២ឆ្នាំជនជាតិខ្មែរ ។

 

បើតាមការបំភ្លឺរបស់ឈ្មោះ ទេព វណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រូឡាន ត្រូវជាឪពុកកុមាររងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងធ្វើការងារធម្មតាដូចសព្វដង ក្រោយមកស្រាប់តែឈ្មោះ ហឿន ស្រីណាន់ ភេទស្រីអាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាប្រពន្ធក្រោយ បានទូរស័ព្ទទៅប្រាប់គាត់ថា កូនស្លាប់។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម គាត់ក៏បានមកផ្ទះ ពេលមកដល់ ក៏ឃើញកូនស្លាប់ពិតប្រាកដមែន។ ពេលនោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ ។

តាមការពិនិត្យ និងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលជំនាញ និងអង្គការការពារកុមារ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។ ផ្អែកតាមការពិនិត្យលើសាកសពកុមាររងគ្រោះ មានសភាព បែកប្លោកនោមខាងឆ្វេង និងឈាម កកពេញក្នុងពោះ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហឿន ស្រីណាន់ ត្រូវជាម្ដាយចុងបានសារភាពថា ខ្លួនពិតជាបានវាយទាត់ធាក់ ទៅលើកុមាររងគ្រោះ បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ។

 

បច្ចុប្បន្នម្ដាយចុងដែលជាជនដៃដល់ ត្រូវបាននគរបាល ឃាត់ខ្លួនដើម្បីបន្តនីតិវិធី ។ចំណែកសពត្រូវបាននគរបាលប្រគល់ទៅឲ្យឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២