រថយន្តបែនដឹកដីមួយគ្រឿងមិនដឹងថាមានបញ្ហាអ្វីស្រាបតែរេចង្កូតមកបុករបងវិទ្យាល័យបឹងត្របែករងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖​ បុរសម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតឡើងចិញ្ចឹមផ្លូវរួចបន្តទៅបុករបងវិទ្យាល័យបឹងត្របែករងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវព្រះមុនីវង្សក្នុងសង្កាត់បឹងត្របែក ​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបែនទឹកដីមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3D-3653 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថា មានបញ្ហាអ្វីក៏បានរេចង្កូតឡើងចិញ្ចឹមផ្លូវរួចបន្តទៅបុកទម្លុះរបងវិទ្យាល័យបឹងត្របែកបណ្ដាលឲ្យបាក់រងការខូចខាតចំនួន១ផ្ទាំង រីឯរថយន្តបង្កវិញកល់ជាប់ទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ចំណែកឯតៃកុងត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកដល់យករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២