ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ឌុបគ្នាត្រូវបានរថយន្តដឹកទឹកកកបើកបុកពីក្រោយអូសជាច្រើនម៉ែត្រ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីទៀបភ្លឺត្រូវនិងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HJ-4644 ឌុបគ្នាជាមួយស្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ដឹកទឹកកក មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AK-5241 បានបើករ៉េចង្កូតទៅបុកពីក្រោយហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់បុរសម្នាក់ របួសស្ត្រីម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះមកដល់ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

