ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការស្នើសុំចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ។


ក្នុងជំនួបពិភាក្សានេះ លោកជំទាវឧកញ៉ាបានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុននាពេលកន្លងមក និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយក្រសួងក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផលិតមាតិកាផ្សព្វផ្សាយ កម្មវិធីកម្សាន្ត និងសកម្មភាពកីឡា សិល្បៈ វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។


ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានស្វាគមន៍ និងគាំទ្រនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានភាពច្នៃប្រឌិត និងប្រកបដោយភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហសម្រាប់ការសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងទាក់ទាញលើឆាកអន្តរជាតិ។


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការសហការរវាងវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមជាមួយក្រសួងក្នុងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតផងដែរ៕


