សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​ថ្លែងអំណរគុណ អ្នកឧកញ៉ា ចេន ហ្ស៊ី បានផ្ដល់ជាជំនួយ ដល់ពលរដ្ឋ​រងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់។

ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញ​ទំនួលខុសត្រូវសង្គម​ របស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយ ជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធ ចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះ ដោយបាតុភូតធម្មជាតិទឹកជំនន់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចុះហត្ថលេខា លើលិខិតថ្លែងអំណរគុណដោយផ្ទាល់ ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

យោងតាមព័ត៌មាន ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា នៅថ្ងៃទី ១៥ ខែតុលានេះ ខេត្តក្រុងចំនួន ១៩ នៅទូទាំងប្រទេស ត្រូវបានរងគ្រោះ ដោយទឹកជំនន់ ដែលបណ្តាលឱ្យមាន មនុស្សស្លាប់ ១៣ នាក់ ក្នុងនោះមានកុមារ ៥ នាក់។ ប្រជាជនចំនួន ១២.៣៧៦ នាក់ ត្រូវបានជម្លៀសចេញ ហើយ ១៩៣.២៦៨ នាក់ បានរងផលប៉ះពាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២