រថយន្តកុងតឺន័រមួយគ្រឿងបើកសុខៗស្រាប់តែមានអគ្គីភ័យឆាបឆេះផ្អើលសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងកំពុងតែបើកបរនៅលើដងផ្លូវស្រាប់តែមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ខណៈម្ចាស់បើកចេញពីក្រុមហ៊ុនរួចធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ពេលបើកមកដល់ក្បែរនឹងស្តុបណតប្រ៊ីតស្រាប់តែគៀបហ្រ្វាំងបង្កទៅជាអគ្គីភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចជំនាញបញ្ចេញរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៦ និង៥០នាទីយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅលើបណ្ដោយផ្លូវទ្រុងមាន់ចំណុចក្បែរស្តុបណតប្រ៊ីតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-4624 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ទិសដៅពីត្បូងទៅជើង​ ខណៈពេលបើកមកដល់ចំណុចកើតហេតុក្បែរនឹងស្តុបណតប្រ៊ីតស្រាប់តែឆេះផ្នែកពីខាងក្រោមមុនរួចបន្តឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះដែរតៃកុងរថយន្តរួមទាំងប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ទប់ស្កាត់ទោះជាយ៉ាងណាអណ្ដាតភ្លើងនៅតែបន្តឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយបន្ទាន់។

ក្រោយទទួលដំណឹងខាងលើនេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តទៅជួយបាញ់ពន្លត់ ។សមត្ថកិច្ចបានប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួសនោះទេពោលគឺខូចខាតផ្នែកខ្លះនៃរថយន្ត៕​

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២