ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ សាំយ៉ុង ងងុយដេកពេកងោកមួយភាំង បានរេចង្កូតទៅបុករះផ្ទះបងប្អូនប្រជាពរដ្ឋចំនួន៣ល្វែងជាប់គ្នាបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AI-8610 ធ្វើដំណើរចេញពីដាក់បន្លែផ្សារដើមគរ បំណងទៅផ្ទះវិញនៅម្តុំព្រែកជ្រៃ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុ ដោយងងុយដេកពេកបានងោកមួយភាំងក៏រេចង្កូតទៅបុករះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន៣ល្វែងជាប់ៗគ្នា តែមិនមានអ្នករងរបួសនោះទេ។


បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ វិសាល

