ក្រសួងបរិស្ថានទទួលរថយន្តដឹកសំរាម១០គ្រឿងបន្ថែមទៀតពីគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (KUSANONE) នៃជំនួយឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់ផ្តល់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ពិធីប្រគល់-ទទួលរថយន្តដឹកសំរាមនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងប្រជាពលរដ្ឋជប៉ុនទាំងអស់ ដែលបានរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតជាអាទិភាពលើភាពស្អាត ភាពបៃតង និងចីរភាព ឈានឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាស្អាត តាមរយៈវិធានការគន្លឹះជាជំហានៗ ដែលក្រសួងបរិស្ថានបានកំពុងបន្តយ៉ាងសកម្មគឺ ការអប់រំ ផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរឥរិយាបថ និងកៀរគរការចូលរួមពីសាធារណជន៕


