​ជិះម៉ូតូវ៉ាជែងជ្រុលទៅបុកម៉ូតូសណ្តាងរ៉ឺម៉កបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីម​ មួយគ្រឿងក្នុងល្បឿនលឿន​ និងវ៉ាជែងជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបើកបរក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្តាលឲ្យក្មេងស្រីភាគីខាងរ៉ឺម៉កបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ផ្សារសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរលក្ខណៈគ្រួសារមានគ្នា៤នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូម៉ាក ហុងដាឌ្រីម​ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ JO-0562 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានវ៉ាជែង ក៏ជ្រុលទៅបុកចំពីមុខរ៉ឺម៉កយ៉ាងពេញទំហឹងបណ្ដាលឱ្យក្មេងស្រីរងគ្រោះធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកទៅសង្គ្រោះបន្ទាន់តែអកុសល ក្មេងស្រីរូបនោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោរសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងចុះទៅដល់ធ្វើការវាស់វែងយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញជាបណ្ដោះអាសន្ន រងចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

    

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២