ភ្នំពេញ ៖ បើតាមការអះអាងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសានេះបានឱ្យដឹងថា កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដើម។


លោក ហេង រតនា បានសង្កត់ធ្ងន់ថា៖«ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័ស៊ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ! »។
លោក ហេង រតនា បានអំពាវនាវឱ្យរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកិច្ចសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ៕

ដោយ៖ វិសាល

