សត្វអណ្តើកហ្លួង​ប្រមាណជា២០​ក្បាល ត្រូវបានព្រលែងចូលទៅក្នុងជម្រកធម្មជាតិ ព្រែក​ស្រែអំបិលវិញ

នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គ​ការ​ WCS នៅថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៦ បានលែងអណ្តើកហ្លួងប្រមាណជា២០ក្បាលចូលទៅក្នុងប្រព័ន្ធព្រែក​ស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា​ ​ត្រូវ​បាន​គេ​ដឹង​ថា​ សត្វ​អណ្តើក​ហ្លួង​​អាច​រស់​នៅ ​និង​បន្តពូជ​បាន​។

​សត្វអណ្តើក​ហ្លួងត្រូវបានគេចាត់ទុកថា ​ជា​ប្រភេទ​សត្វ​កំពុងទទួល​រង​គ្រោះ និង​ជិតផុតពូជបំផុត​ កន្លងមកធ្លាប់​ត្រូវ​បាន​​គេបារម្ភ​​ខ្លាចបាត់​បង់​ផុតពូជពី​ក្នុងប្រទេសកម្ពុជា ប៉ុន្តែ​ការ​លែង​អណ្តើក​ហ្លួង​នា​ពេល​នេះ​បញ្ជាក់​ពី​​​ជំហាន​ជោគ​ជ័យ​ថ្មី​មួយ​ទៀត​ ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុង​ការ​ស្តារប្រភេទសត្វអណ្តើក​នេះ​ឱ្យ​មាន​ចំនួន​ច្រើន​ឡើង​វិញ​ ក្រោម​ការ​ដឹក​នាំ​រប​ស់​អគ្គ​នាយក​ដ្ឋាន​ជលផល​ ដោយមានការគាំទ្រពីរដ្ខបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុន ខណ្ឌរដ្ឋបាលជល​ផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ខេត្តកោះកុងនិងព្រះសីហនុ  អាជ្ញាធរមូលដ្ឋាន សហគមន៍​ការ​ពារ​សម្បុក​​អណ្តើក​ហ្លួង​ និង​អង្គការ​សមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។

មូលនិធិ Mandai Nature, Turtle Survival Alliance អង្គ​ការ​ WCS កាណាដា និងមូលនិធិ Patricia and Alan Koval Foundation និង​តំបន់ទេសចរណ៍ធម្មជាតិ Shinta Mani Wild គឺជាដៃគូដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារចំនួន​អណ្តើក​ហ្លួង​ឡើងវិញនៅទីនោះ ។

អណ្តើកហ្លួង​ ត្រូវបានគេស្គាល់ទូទាំងពិភពលោកជាភាសា​អង់គ្លេសថា Southern River Terrapin មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា​ Batagur affinis គឺ​ជាប្រភេទ​អណ្តើកទឹកសាបមួយក្នុងចំណោមប្រភេទ​អណ្តើកទឹកសាបទាំង​អស់​ក្នុង​ពិភព​លោក​ដែលទទួល​រងការគំរាមកំហែងបំផុត។ នៅកម្ពុជា កិច្ចខិតខំប្រឹងប្រែងស្តារចំនួន​អណ្តើក​ហ្លួង​ឡើងវិញបានផ្តោតលើការការពារសម្បុក​ ការចិញ្ចឹមថែទាំកូន​អណ្តើករហូតដល់ពួកវាធំពេញ​វ័យ​អាច​លែង​ឱ្យ​រស់រានបាន​ដោយ​ខ្លួនឯង​ក្នុង​ទី​ជម្រកធម្មជាតិ​ ការតាម​ដាន​ត្រួតពិនិត្យអណ្តើកហ្លួង​​ដែលត្រូវបានលែងចូល​ក្នុង​ទី​ជម្រក​ធម្មជាតិ​ និងការការពារប្រព័ន្ធព្រែក​ស្រែ​អំបិល​ពីការនេសាទខុសច្បាប់ ការបូមខ្សាច់ និងការបាត់បង់ទី​ជម្រកធម្មជាតិ​។

ក្នុងរយៈពេលជាង​មួយទសវត្សរ៍កន្លងមកនេះ គម្រោង​អភិរក្ស​អណ្តើក​ហ្លួងបាន​​​លែង​អណ្តើក​ហ្លួង​ប្រមាណ​ជាង​ ២០០ក្បាល​ចូល​ក្នុង​ទី​ជម្រក​ធម្មជាតិវិញ​​ដោយ​ជោគ​ជ័យ​។ កិច្ចខិតខំប្រឹងប្រែងសំខាន់ៗទាំងនេះនៅមូល​ដ្ឋាន​ ដើម្បី​ចូលរួម​​ចំណែកក្នុង​ការ​សម្រេច​បាន​លទ្ធ​ផលយូរ​អង្វែង​​។”​

សត្វ​អណ្តើក​ហ្លួង​ត្រូវបានកំណត់ជាសត្វល្មូនជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥។ ការស្តារចំនួន​អណ្តើក​ហ្លួង​ឡើងវិញដែល​មាន​រយៈ​កាល​យូរ​អង្វែង​គឺ​អាស្រ័យលើការបន្ត​ជាប់​លាប់​នូវ​ការ​ការ​ពារ​ឆ្នេរខ្សាច់​សម្រាប់​ធ្វើ​សម្បុក​ពង​កូនរបស់​អណ្តើក​ហ្លួង​ ព្រៃ​លិច​ទឹក ព្រៃតាមមាត់ព្រែកនិង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ទាំង​មូល​ ព្រម​ទាំង​ការ​បន្ត​ការ​គាំ​ទ្រ​ដល់​សហគមន៍​មូល​ដ្ឋាន​ដែល​ជួយ​ការ​ពារ​សម្បុក​អណ្តើក​ហ្លួង​នៅ​ទី​ជម្រក​ធម្មជាតិ​ ៕

        
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២