នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២៦ដដែលនេះ បន្ទាប់ពីជំនួបជាមួយ តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម។


ឯកឧត្តមជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងសហការីនៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថាវត្តមានរបស់លោកជំទាវអ្នកសម្របសម្រួល
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងញ៉ាំងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្តទៀត។ សម្ដេចតេជោក៏អរគុណចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។
នាឱកាសនោះ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ លោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានលើកឡើងថាកម្ពុជា និងអង្គការសហប្រជាជាតិមានទំនាក់ទំនងដ៏យូរអង្វែងនិងរឹងមាំជាមួយគ្នានៅពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់នូវចំពោះមុខ សម្ដេចតេជោថា អង្គការសហប្រជាជាតិគឺរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ចជាពិសេសការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នៅក្នុងនោះសម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវហើយសម្ដេចក៏បានពិភាក្សាជាមួយជាមួយលោកជំទាវ ដោយផ្ដោតទៅលើបញ្ហាពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ហើយទាំងសម្ដេចតេជោ និងលោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈបមួយចំនួនដែលប្រទេសនានានៅលើពិភពលោកដែលជាសមាជិករបស់អង្គការសហប្រជាជាតិកំពុងជួបប្រទះ។


សម្រាប់ សម្ដេចតេជោ គឺដាក់ជាសំណួរថា តើគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០នេះ នឹងសម្រេចបានដូចនូវការគ្រោងទុកឬក៏យ៉ាងណា? ។ ភាគីទាំងពីរបានផ្លាស់ប្ដូរនូវយោបល់គ្នាជុំវិញរឿងនេះ បន្ថែមពីលើនេះសម្ដេចតេជោ និងលោកជំទាវក៏បានពិភាក្សាទៅលើបញ្ហាប្រឈមនាពីបច្ចុប្បន្នជាពិសេសគឺបញ្ហាសន្តិសុខថាមពលដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធទៅនឹងប្រេងឡើងថ្លៃដែលជាកង្វល់មួយសម្រាប់សមាជិករបស់អង្គការសហប្រជាជាតិ ហើយក្នុងនោះក៏មានកម្ពុជាយើងមួយដែរ។
បន្ថែមពីលើនេះសម្ដេចតេជោក៏បានលើកឡើងជាមួយនឹងលោកជំទាវអំពីការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សានូវសន្តិភាពរបស់ពិភពលោកតាមរយៈការបញ្ជូននូវកងទ័ពមួកខៀវរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួនក្រោមឆត្រអង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកនូវការការពារសន្តិភាពរបស់ពិភពលោកដែលមានប្រមាណ១ម៉ឺននាក់កន្លងមកនេះដែលជាការរួមចំណែកមួយដ៏ធំ។ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណយ៉ាងខ្លាំង និងសរសើរចំពោះកម្ពុជាដែលបានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងបុព្វហេតុនៃការការពារនូវសន្តិភាពរបស់ពិភពលោកដែលជាចំណុចមួយដែលកម្ពុជាបានធ្វើនៅពេលកន្លងមក។ បន្ថែមពីលើនេះសម្ដេចតេជោ និងលោកជំទាវក៏បានពិភាក្សាទៅលើបញ្ហានៃការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាកង្វល់រួមរបស់ពិភពលោកទាំងមូលដែលតម្រូវឱ្យអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាសមាជិកនឹងរួមគ្នាគិតគូរអំពីបញ្ហានៃការបម្រែបម្រួលអាកាសធាតុនេះ។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងសហការីទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា៕


