ផ្ទះពលរដ្ឋជាច្រើនខ្នង នៅខណ្ឌច្បារអំពៅត្រូវបានអគ្គិភ័យឆាបឆេះ រួមទាំងសម្ភារមួយចំនួនធំ

ភ្នំពេញ ៖ លំនៅឋានបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ​ ២០២៦​ តាមបណ្តោយផ្លូវលេខ ៣៦៧ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ រាជធានីភំ្នពេញ​ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ​ មានអណ្តាតភ្លើង​ កំពុងឆាបឆេះផ្ទះឈើ ដែលជាកន្លែងស្តុកអេតចាយ យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ ពួកគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់ ។

 

បន្ទាប់ពីទទួលបានព័ត៍មានពីពលរដ្ឋមានករណីអគ្គិភ័យ នាយការិយាល័យបង្ការអគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានឱ្យរថយន្តចេញទៅកាន់ទីតាំងខាងលើនោះភ្លាមៗ។

អគ្គិភ័យនេះបានបង្កការខូចខាត សម្ភារអស់ទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងជាច្រើនខ្នង ។ ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ។ ចំពោះមូលហេតុនៃការឆាបឆេះនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវបន្ត ៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២