ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំជាអ្នកសារព័ត៌មានដើរបោកប្រាស់លក់ចិញ្ចៀនកាឡៃថាជាប្លាទីន នៅស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការចុះល្បាត បានឃាត់ខ្លួនបុរសម្នាក់ដែលប្រើល្បិចដើរលក់ចិញ្ចៀនកាឡៃថា ជាប្លាទីន បោកប្រាស់ប្រជាពលរដ្ឋយកប្រាក់ ។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨ និង៣០នាទី ថ្ងៃទី៣០មេសា នៅត្រង់ចំណុចក្រុមទី១៣ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន មានករណីឆបោកមួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិធំ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល  ។

 

ជនសង្ស័យបានជិះម៉ូតូម៉ាក Suzuki Viva ពណ៌ខ្មៅ ស្លាកលេខ ៥៥ ៦២ ធ្វើសកម្មភាពដើរលក់ចិញ្ចៀនកាឡៃ ដោយភូតកុហកជនរងគ្រោះថាជាប្លាទីន។ ក្នុងនោះមានជនរងគ្រោះចំនួន០២នាក់ បានចាញ់បោកទិញអស់ប្រាក់សរុបជាង ១លាន និង៥សែនរៀល ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ម៉ូតូ ០១គ្រឿង, អាយកូម ០២គ្រឿង, ទូរស័ព្ទ ០២គ្រឿង, នាឡិកា ០១គ្រឿង និងចិញ្ចៀន ០៣វង់ ។

 

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២