កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)លើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៩ អាណត្តិទី៤ បានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, 2-របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3-បញ្ហាផ្សេងៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ប្រធាន ក.ជ.ប.ព. បានវាយតម្លៃខ្ពស់ដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦ នេះ។ រីឯ សភាពការណ៍ក្នុងប្រទេសវិញ សម្តេចប្រធាន ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការរៀបចំនគរសង្ក្រាន ការផ្សារភ្ជាប់សមរភូមិក្រោយ និងសមរភូមិមុខ និងសុខទុក្ខរបស់ជនភៀសសឹក។ សម្តេចប្រធាន ឱ្យដឹងទៀតថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំពុងបន្តនីតិវិធី ហើយនឹងអាចអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព បានឲ្យដឹងថា នៅខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ២ករណី ដែលមានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ ។

ពាក់ព័ន្ធនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ អង្គភាព ACU បានឲ្យដឹងថា មានមន្ត្រីចំនួន ២០៩ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ ការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២ រូប, មន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១ រូប, មន្ត្រី ចំនួន ៥ រូប បានប្រកាស ក្រោយបញ្ឈប់ពីមុខតំណែង ដោយឡែកមន្ត្រីចំនួន ១២១ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍ ។

ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្ដល់អនុសាសន៍ល្អៗ ចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។

 

កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសពិភាក្សាវែកញែកដោយភាពស្និទ្ធស្នាល និងភាតរភាព៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២