អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មកដល់ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៦នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថា បាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។

លទ្ធផលនៃការសាកសួរ និងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះលឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថា សារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃកន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។

ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណជា២,០០០គីឡូក្រាម (ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង០៣លើកនេះគាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់។ គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាបីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថាទោះបីមានការបំភ្លឺបែបនេះពីឈ្មោះ លឿន សាក់ឡែនក្តី តែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធី ច្បាប់៕


