កម្ពុជា-សហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ទាំងវិស័យការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តន៍បទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២