គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យសំណើររបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចាំបាច់ចំនួន២ ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៤ ក្នុងនោះរបៀបវារៈចំនួន២ ជាសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយកាលពីថ្ងៃទី១២ ខែឧសភាម្សិលម៉ិញនេះ ហើយក៏បានស្នើសុំការអនុម័តយល់ព្រមពីព្រឹទ្ធសភា។

របៀបវារៈសំខាន់ៗចំនួន៤នោះរួមមាន៖

​១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។

​២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

 

​៣-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។

​៤-ផ្សេងៗ។

 

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមរបៀបវារៈរួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូន៖

១-សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា។

 

២-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ទៅគណៈកម្មការសាធារណការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណី ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២