ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី 13 ខែឧសភា ឆ្នាំ2026 តបតាមការអញ្ជើញរបស់នាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ថោនហ្វូល អ៊ិចឌី ធីវី លោកហាក់ សុខហេង តំណាងលោកជំទាវឧកញ៉ាជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប បានដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីសំខាន់ៗរបស់សហព័ន្ធចំនួន៣ រួមមាន៖ លោកនិន វណ្ណដា អគ្គលេខាធិការស្ដីទី តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ , លោកជ្រា សុភ័ក្រ អគ្គលេខាធិការរង តំណាងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា , លោកជឹម ធារ៉ា អគ្គលេខាធិការ តំណាងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នៅការិយាល័យប្រជុំ ស្ថានីយទូរទស្សន៍ថោន ។


គួរជម្រាបផងដែរថា ស្ថានីយទូរទស្សន៍ថោនបានគោរពជម្រាបជូនថ្នាក់ដឹកនាំប្រធាននៃសហព័ន្ធកីឡាប្រយុទ្ធទាំងបី សុំអនុញ្ញាតឱ្យមានការចាត់តាំងបញ្ជូនមន្ត្រីគណៈកម្មការមួយរូប ចូលរួមប្រជុំដោះស្រាយបញ្ហាក្នុងការប្រកួត នៅសង្វៀនស្ថានីយទូរទស្សន៍ថោនហ្វូលអ៊ិចធីធីវី ក្នុងគោលបំណងសម្រួលទៅដល់កិច្ចការងារផ្សេងៗដើម្បីកុំឲ្យមានបញ្ហាអំឡុងពេលប្រកួតផ្សាយផ្ទាល់ដូចជា៖ គណៈកម្មការក្តាប់រួមដែលអាចមានសិទ្ធិសម្រេចកិច្ចការ, គណៈកម្មការពេទ្យ និងគណៈកម្មការភ្លេង របស់មន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរ ។


ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សាទៅលើបញ្ហា និងការងារមួយចំនួននៃការរៀបចំការប្រកួត សង្វៀនប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ថោនជាមួយនឹងមន្ត្រីសហព័ន្ធទាំងបីរួចមកនោះ ស្ថានីយទូរទស្សន៍ថោន ព្រមទាំងសហព័ន្ធទាំងបី ដែលរួមមានដូចជា៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធកីឡាឃីកបុកស៉ីង និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានឯកភាពគ្នា ក្នុងការរៀបចំការប្រកួតប្រដាល់ដោយប្រើ ក្រុមពេទ្យ និងក្រុមភ្លេងតែមួយរៀងរាល់ការប្រកួតតាមការស្នើសុំរបស់ស្ថានីយទូរទស្សន៍ថោន មិនថាមានការប្រកួតលក្ខណៈឃីកបុកស៊ីង លាយជាមួយនឹងគុនខ្មែរ ឬក៏គុនខ្មែរ ជាមួយ គុនចម្រុះ ដោយហេតុថា ថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ថោន មានចក្ខុវិស័យ អភិវឌ្ឍន៍សង្វៀនប្រយុទ្ធរបស់ខ្លួនដើរតាមគន្លងនៃការរៀបចំតាមបែបសម័យទំនើបនៃការប្រកួតក្បាច់គុនដូចបណ្ដាសង្វៀននៅជុំវិញពិភពលោក ដោយមិនមានតែការប្រកួតមួយប្រភេទកីឡានោះទេគឺចង់រួមបញ្ចូលឲ្យបានច្រើនប្រភេទកីឡាដើម្បីចូលរួមផ្សព្វផ្សាយគ្រប់ប្រភេទកីឡាទាំងអស់តាមបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន ឱ្យស្របតាមចក្ខុវិស័យជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបំផុសចលនាផ្សព្វផ្សាយគ្រប់វិស័យកីឡាទាំងអស់ ៕
ដោយ៖ វិកគី

