ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថា ទុរេននោះជាទុរេនខេត្តកំពង់ចាម។ សម្តេចតេជោលើកឡើងបែបនេះ នៅអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ឃុំ-សង្កាត់ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។


«ហេតុអ្វីបានជាមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនោះឡើយ។
សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា សម្តេចតេជោ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន៕

ដោយ៖ វិសាល

