សម្តេច​តេ​ជោ ហ៊ុន សែន ៖ ថ្ងៃ១០វិច្ឆិកា ​ខួប​លើក​ទី៤៤ឆ្នាំ នៃ​ការស្លាប់​ យ៉ាង​វេទនា​របស់​កូនប្រុស​ច្បង​របស់ខ្ញុំ

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​បង្ហោះ​អត្ថបទ​រៀបរាប់​ពី​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​យ៉ាង​វេទនា នៃ​កូនប្រុស​ច្បង​របស់​សម្តេច «ហ៊ុន កំសត់» កាលពី៤៤ឆ្នាំ គឺ​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧។

ស​ម្តេ​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើ​ឡើង​ថា ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន ចំពោះ​រឿងរ៉ាវ​ដែល​កូនប្រុស​ច្បង​បាន​ស្លាប់ តែ​ការឈឺចាប់​នោះ​ហើយ ដែល​បាន​ជួយ​លើកទឹកចិត្ត​សម្តេច ឱ្យ​ងើបឈរ​ឡើង ដើម្បី​សង្គ្រោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី​ខែមករា ឆ្នាំ១៩៧៩ ។

ថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះ ជា​ខួប​លើក​ទី៤៤ឆ្នាំ នៃ​ការស្លាប់​យ៉ាង​វេទនា​របស់​កូនប្រុស​ច្បង​របស់ខ្ញុំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើក​នេះ​ខ្ញុំ​ចង់​រៀបរាប់ នូវ​ដំណើររឿង​ទាក់ទង នឹង​ការស្លាប់​របស់​កូន​ខ្ញុំ។

ខ្ញុំ និង​ភរិយា បាន​រៀបការ​នៅ​ថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែ​ក្រោយ​រៀបការ​ប្តី​ប្រពន្ធ​យើង មិនបាន​រស់នៅ​ជាមួយគ្នា ដោយសារ​ពួក​អង្គ​ការយក​ភរិយា​ខ្ញុំ ទៅ​លត់​ដំ​ឱ្យ​លើក​ប្រព័ន្ធ​ភ្លឺស្រែ ប៉ុន្តែ​ខ្ញុំ​តែងតែ​ខិតខំ​រក​ពេល​ទៅ​ជួប​ភរិយា​ខ្ញុំ។ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយា​ខ្ញុំ​ចាប់​មាន​ផ្ទៃពោះ​ហើយ ធ្វើឱ្យ​នាង​ចាញ់កូន​យ៉ាងខ្លាំង។ ទោះ​មាន​ផ្ទៃពោះ និង​ចាញ់កូន​ក៏​ភរិយា​ខ្ញុំ នៅតែ​ខិតខំ​ធ្វើការ​យ៉ាង​លំបាក តាម​ការចាត់​តាំងរបស់​អង្គការ​ស៉ី​អត់​ស៉ី​ឃ្លាន ដូច​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ផ្សេងទៀត​ដែរ។ ប្តី​ប្រពន្ធ​យើង​ពិតជា​កំសត់ យើង​មិនដែល​បានរស់នៅ​ជាមួយគ្នា លើស​ពីមួយ​សប្តាហ៍​ឡើយ ខ្ញុំ​តែង​ស្រក់​ទឹកភ្នែក​អាណិត​ប្រពន្ធ ពេល​នាង​ចាញ់កូន និង​មាន​ជម្ងឺ​ដោយសារ​ធ្វើការ​ធ្ងន់​ហួសកម្លាំង។

ក្នុង​ខែតុលា ១៩៧៦ ខ្ញុំ​បាន​សុំ​អង្គ​ការយក​ភរិយា​ខ្ញុំ ទៅ​ទីបញ្ជាការ​កងវរសេនាធំ ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ (ពេល​នោះគេ​បង្កើតជា​ស្រុក​ត្រ​មូង) មុន​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ។ យុទ្ធ​មិត្ត​ក្នុង​អង្គភាព ក៏ដូចជា​ប្រជាជន​នៅ​ភូមិ​កោះ​ថ្ម និង​ភូមិ​ក្តុល​បានផ្តល់​មតិ​មក​ខ្ញុំ​ថា ទុក​ភរិយា​ខ្ញុំ​ឱ្យ​ឆ្លងទន្លេ នៅក្នុង​អង្គភាព​ដោយ​ឆ្មប​បុរាណ។

ដោយសារ​ការព្រួយបារម្ភ អំពី​ការឆ្លង​ទន្លេ​កូន​ដំបូង​ហើយ ដែល​អាច​ឈានដល់​ការវះកាត់​ខ្ញុំ និង​ភរិយា បាន​ពិភាក្សាគ្នា​ហើយ​សម្រេច​ថា ត្រូវ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​សុវត្ថិភាព​ជាង។ ចុងខែ​តុលា ១៩៧៦ ខ្ញុំ​បាន​បញ្ជូន​ភរិយា​ខ្ញុំ មកកាន់​មន្ទីរពេទ្យ​តំបន់ ដែលមាន​ទីតាំង នៅ​ស្រុក​មេមត់ (ពេលនេះ​ជា​វិទ្យាល័យ​មេមត់)។ នៅ​មន្ទីរពេទ្យ មាន​គ្រូពេទ្យ​ស្ត្រី​ម្នាក់ ជា​ពេទ្យឆ្មប​ដែល​ធ្លា​ប់រៀន​ពេទ្យ​ជាមួយ​ភរិយា​ខ្ញុំ ដែលជា​ពេទ្យឆ្មប​ដូចគ្នា។ ឯ​ប្រធាន​មន្ទីរពេទ្យ គឺជា​មនុស្ស​ល្អ និង​រាប់អាន​ជាមួយ​ខ្ញុំ​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​មានការ​ជឿទុកចិត្ត ទៅលើ​មន្ទីរពេទ្យ​នេះ។

ជា​អកុសល​តាំងពី​ពេល​យក​ភរិយា ចូល​មន្ទីរពេទ្យ​នា​ចុងខែ​តុលា ១៩៧៦ ខ្ញុំ​ពុំដែល​បាន​ទៅ​ជួប​ភរិយា​ខ្ញុំ​ទេ ដោយសារ​ជាប់​កិច្ចការ​ផង និង​ប្រធាន​យោធា​តំបន់ ដែល​មក​នៅ​អង្គភាព​ខ្ញុំ ខ្វះ​អា​ធ្យា​ស្រ័យ​ផង ដែល​មិនអាច​សុំច្បាប់​ទៅ​មើល​ប្រពន្ធ​បាន។ ដូច​ទេវតា​បានរៀបចំ នៅ​ល្ងាច​ថ្ងៃទី៩ ខែវិច្ឆិកា ១៩៧៦ ប្រធាន​យោធា​តំបន់​បាន​ប្រាប់​ខ្ញុំ​ថា ព្រឹកស្អែក (១០ វិច្ឆិកា) សែន​ឯង ត្រូវធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ ទៅ​ស្រុក​ពាមជីលាំង (ស្រុក​ពាមជីលាំង​បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៧៣ ដោយ​យក​ឃុំ​ខ្លះ​នៃ​ស្រុក​ត្បូងឃ្មុំ និង​ឃុំ​ខ្លះ​នៃ​ស្រុក​ក្រូច​ឆ្នា)។ ខ្ញុំ​ត្រេកអរ​ខ្លាំងណាស់​ហើយ​សង្ឃឹមថា និង​បាន​ចូល​មើល​ប្រពន្ធ នៅ​មន្ទីរពេទ្យ​ព្រោះ​ផ្លូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៧ ដែល​មន្ទីរពេទ្យ​នៅជាប់​និង​ផ្លូវ​ស្រាប់។

ជាមួយនឹង​ការរីករាយ​ខ្ញុំ ក៏មាន​ការងឿងឆ្ងល់​លើ​ប្រធាន​យោធា​តំបន់​រូបនេះ ដោយសារ​ការធ្វើដំណើរ​ទៅ​ស្រុក​ពាមជីលាំង គឺ​ទៅរក​នារី១០០នាក់ ដើម្បី​រៀបការ​ឱ្យ​យុទ្ធជន​ពិការ ដែលជា​កិច្ចការ​របស់​ស្នងការ​នយោបាយ មិនមែន​រូបខ្ញុំ​ដែល​ទទួល​ការងារ​សេនាធិការ​នោះឡើយ។ ខ្ញុំ​បាន​ចោទ​ចេញ​ជា​សំនួ​រថា តើ​គាត់​អាច​បោក​ខ្ញុំ​យកទៅ​ចាប់ នៅក្រៅ​អង្គភាព​ឬទេ? ព្រោះ​វា​ជា​របៀប​ដែល​ពួកនេះ ធ្លាប់​បានធ្វើ​ពីមុនមក​ក្នុង​ការចាប់​កម្មាភិបាល​យុទ្ធជន វា​តែង​ប្រាប់ថា​ទៅ​រៀន ឬ​ទៅ​បំពេញការងារ ឬ​បេសកម្ម​នៅក្រៅ​អង្គភាព។ បញ្ហាសំខាន់​ដែល​ធ្វើអោយ​ខ្ញុំ​ទទួលបញ្ជា​យ៉ាង​ឆាប់​នោះ គឺ​ខ្ញុំ​ចង់​ឆ្លៀត​ចូល​មើល រ៉ានី ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មេមត់ ព្រោះ​យើង​ត្រូវធ្វើ​ដំណើរ តាមផ្លូវ​ជាតិ​លេខ៧ កាត់​តាម​មុខ​មន្ទីរពេទ្យ​នេះ។ អាស្រ័យ​ដោយ​និស្ស័យ​ប្តី និង​ប្រពន្ធ ឪពុក និង​កូន​នៅ​យប់​ថ្ងៃ៩ ឈានដល់​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា​ឆ្នាំ១៩៧៦ ខ្ញុំ​ដេក​មិន​លក់​សោះ សម្លេង​សត្វ​មៀម ខ្លែងស្រាក និង​សត្វផ្សេងៗទៀត បាន​យំ​ឭ​កងរំពង​ចេញពី​ដើម​ជ្រៃ​ដ៏​ធំ ដែល​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល៣០ម៉ែត្រ ធ្វើអោយ​ខ្ញុំ​ព្រឺក្បាល។

ខ្ញុំ​មាន​អារម្មណ៍​ថា នឹងមាន​ហេតុ​ការ​មិនល្អ​សម្រាប់​ខ្ញុំ​ហើយ ព្រោះ​តាំងពី​ធំ​ដឹងក្តី​មក ខ្ញុំ​ហាក់​មាន​អ្នក​តាម​ថែរក្សា ដែល​អាចអោយ​ខ្ញុំ​ដឹង​មុន​នូវ​ហេតុការណ៍ ដែល​នឹង​កើត​នាពេលខាងមុខ ទាំង​ល្អ ទាំង​អាក្រក់ តាមរយៈ​នៃ​ការ​យល់សប្តិ ឬ​តាមរយៈ​សត្វ​យំ ឬ​ប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះ​ខ្ញុំ​នឹក រ៉ានី ខ្លាំងណាស់ ហើយ​គិតថា រ៉ានី អាច​ឆ្លងទន្លេ​យប់​នេះ។ ខ្ញុំ​ដេក​មិន​លក់​សោះ ហើយ​ក្រោយ​ម៉ោង១២យប់ សត្វ​មិន​គ្រាន់តែ​នៅ​ដើម​ជ្រៃ​ប៉ុណ្ណោះ​ទេ​ដែល​យំ តែ​នៅ​ដើមឈើ​ក្រៅ​បន្ទាយ​ក៏​ស្រែកយំ​គួរអោយ​តក់ស្លុត។

ក្រោយ​ម៉ោង១២យប់ ជា​ពេលដែល រ៉ានី ចាប់ផ្តើម​ឈឺពោះ​ឆ្លងទន្លេ។ ម៉ោង​ប្រហែល២រំលង​អា​ធ្រា​ត ចូលដល់​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំ​ចេញមកក្រៅ​ផ្ទះ ឃើញ​ភ្លើង​ហោះ​ចេញពី​ដើម​ជ្រៃ​ទៅ​កន្លែង​ផ្សេង និង​ពី​កន្លែង​ផ្សេង​មក​ដើម​ជ្រៃ​វិញ។ សម្លេង​សត្វ​យំ​កាន់តែ​កងរំពង​ខ្លាំង​ឡើង ហាក់​ចង់​ដាស់តឿន​ខ្ញុំ​ថា ខ្ញុំ​នឹង​ជួប​គ្រោះ។ ខ្ញុំ​ព្រឺក្បាល​កាន់តែខ្លាំង និង​នឹក​ទៅដល់​ភរិយា​របស់ខ្ញុំ​កាន់តែខ្លាំង។ ខ្ញុំ​អង្គុយ​យំ​ម្នាក់ឯង​អាណិត​ខ្លួន អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី ក្នុងពេលដែល​ប្តី​មិនអាច​ការពារ និង​ថែទាំ​ប្រពន្ធ​បាន​រហូត ខ្ញុំ​គិតថា​មិនគួរ​មាន​ប្រពន្ធ មានកូន​ក្នុងពេលដែល​ប្រទេសជាតិ កំពុង​ជួបនឹង​គ្រោះថ្នាក់​បែបនេះ​ទេ។ ខ្ញុំ​មិន​សម្រាក​ទេ និង​បន់​អោយតែ​មេឃ​ឆាប់​ភ្លឺ។ ខ្ញុំ​បាន​ពិនិត្យ​សម្ភារៈ​របស់ខ្ញុំ​ឡើងវិញ ដែល​កាំភ្លើង​ខ្ញុំ​បាន​បញ្ចូល​គ្រាប់កាំភ្លើង​ខ្លីម៉ាក K54 សម្រាប់​ក្រវាត់​នឹង​ចង្កេះ និង​កាំភ្លើងខ្លី​មួយ​ដើម​ទៀត​ម៉ាក K59 ដាក់​ក្នុង​កាបូបស្ពាយ​របស់ខ្ញុំ។ កាំភ្លើង​ទាំង២ដើម បើក​សោរ​ត្រៀមប្រយុទ្ធ​ហើយ​ស្រេច ព្រោះ​បារម្ភ​ប្រធាន​យោធា​តំបន់ បោក​ខ្ញុំ​យកទៅ ចាប់​ឬ​សម្លាប់​ក្រៅ​អង្គភាព។

ម៉ោង​ប្រមាណ៥ មិនទាន់​ភ្លឺ​ផង ប្រធាន​យោធា​តំបន់​បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​រៀបចំខ្លួន​ហើយ​ឬ​នៅ យើង​ចេញដំណើរ​ទាន់ពេល​ព្រឹក។ ខ្ញុំ​បាន​ឆ្លើយតប​ថា រួចហើយ​បង។ ប្រធាន​យោធា​តំបន់​បាន​ប្រាប់​ខ្ញុំ​ថា សែន​ឯង ជា​អ្នកជិះ​ម៉ូតូឌុប​ខ្ញុំ។ ពេលនោះ​ខ្ញុំ​គិតថា ពិតជា​មិន​ស្រួល​ហើយ ហេតុ​អី​គាត់​អោយ ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់​ទៅ​ទៅវិញ? ឆ្លៀតពេល​មិនទាន់​ចេញពីផ្ទះ ខ្ញុំ​បាន​ដើរចូល​ទៅក្នុង​បន្ទប់​ដក យក​កាំភ្លើង​ចេញពី​ស្រោម មក​សៀត​នឹង​ចង្កេះ​ឆ្វេង​វិញ​ងាយស្រួល​ប្រើ​ដៃស្តាំ ដកចេញ​ហើយ​បាញ់​តែម្តង។

ពេល​ជិះ​ម៉ូតូ​ចេញមក​តាមផ្លូវ ខ្ញុំ​គិតថា​ប្រសិន​ម្នាក់នេះ ដក​កាំភ្លើង​ភ្ជង់​ខ្ញុំ​ពីក្រោយ ខ្ញុំ​ត្រូវ​ផ្តួល​ម៉ូតូ​ភ្លាម ដើម្បីឱ្យ​ដួល​ទាំងអស់គ្នា និង​ដើម្បី​កុំអោយ​គាត់​បាញ់​ខ្ញុំ​ពីក្រោយ​បាន។ ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​អោយ​លឿន ព្រោះ​គាត់​ពិតជា​មិន​ហ៊ាន​បាញ់​ទេ នៅពេល​ម៉ូតូ​នៅមាន​ល្បឿន​លឿន។ នេះ​ជាការ​ដែល​ខ្ញុំ​គិត ដើម្បី​ការពារ​ជីវិត​នាពេលនោះ តែ​រឿង​បែបនេះ មិនបាន​កើតឡើង​នាពេល​នោះទេ ដូចនេះ​បានជា​ខ្ញុំ​យក​កា​រស​ន្ឋិ​ដ្ឋា​ន​មួយ​ថា មូលហេតុ​ដែល​គាត់​អោយ​ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់ អាច​បណ្តាលមកពី​គាត់​មិន​ទុកចិត្ត​ខ្ញុំ ខ្លាច​ខ្ញុំ​បាញ់​គាត់​ពីក្រោយ​ដូច ដែល​ខ្ញុំ​គិត​ទៅលើ​រូបគាត់ នៅ​ពីក្រោយ​ខ្ញុំ​ដែរ។

ផ្លូវជាតិ​លេខ៧ ពី​ឃុំ​ទ​ន្លូ​ង មក​មន្ទីរពេទ្យ​នៅ​អនុវិទ្យាល័យ​មេមត់ ទទួលរង​ការខូចខាត​យ៉ាងខ្លាំង​តាំងពី ឆ្នាំ១៩៧០-១៩៧១ ពេលដែល​កងទ័ព​អាមេរិក និង​វៀតណាម​ខាងត្បូង បញ្ជូន​រថក្រោះ​មក​បើកបរ​លើផ្លូវ​នេះ នៅពេលដែល​គេ​ចូល​ឈ្លានពាន​កម្ពុជា​នាពេលនោះ។ ដូចនេះ​ទោះ​ត្រូវ​ជិះ​លឿន ក្នុង​ចម្ងាយ​ផ្លូវ​ជាង៣០គីឡូម៉ែត្រ យើង​ត្រូវ​ប្រើពេល​ប្រមាណ​មួយ​ម៉ោង។ ចេញមក​ម៉ោងជាង៥ មកដល់​មន្ទីរពេទ្យ​ម៉ោងជាង៦ព្រឹក។ ពេល​ដល់​មន្ទីរពេទ្យ ខ្ញុំ​បត់​ម៉ូតូ​ចូល​មន្ទីរពេទ្យ​ប្រធាន​យោធា​តំបន់​សួរ​ខ្ញុំ​ថា ចូល​មន្ទីរពេទ្យ​ធ្វើ​អី? ខ្ញុំ​ឆ្លើយថា​ចូល​មើល​ប្រពន្ធ​ខ្ញុំ​បន្តិច ព្រោះ​គាត់​សម្រាក​ពេទ្យ​នៅទីនេះ។

គាត់​ថា តែ​បន្តិច​ទេ​ណា​ប្រញាប់​ធ្វើដំណើរ​ទាន់​ព្រឹក។ ក្រោយ​ម៉ោង៦ព្រឹក ភាព​តក់ស្លុត​បានកើត​ឡើង​សម្រាប់​រូបខ្ញុំ គឺ​នៅពេលដែល​ខ្ញុំ​បាន​ចូលដល់​មន្ទីរពេទ្យ មាន​ស្ត្រី​ដែល​សម្រាក​ព្យាបាល​ជាមួយ​ភរិយា​ខ្ញុំ បាន​ស្រែកប្រាប់​ខ្ញុំ​ថា ប្អូន​ប្រពន្ធ ប្អូន​ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ។ ឯបងៗផ្សេងទៀត​ស្រែកថា រ៉ានី ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ។ មាន​បងស្រី​ម្នាក់ បាន​និយាយថា រវល់​ទៅណា​មិន​មក​មើល​ប្រពន្ធ ទុកអោយ​ប្រពន្ធ​ឆ្លងទន្លេ​តែឯង។ល។

ខ្ញុំ​ពុំ​ឆ្លើយតប​ជាមួយ​ពួកគាត់​ទេ តែ​ប្រឹង​រត់​សំដៅទៅ​បន្ទប់​សម្រាលកូន ដែល​បិទទ្វារ​ជិត ខ្ញុំ​រុញ​ទ្វារ​បើក​ឡើង​មិនឃើញ រ៉ានី ទេ​ព្រោះ​ពេទ្យ​បាន​បញ្ជូន រ៉ានី នៅ​បន្ទប់​សម្រាក​មួយ​ផ្សេងទៀត។ និស្ស័យ​ឪពុក និង​កូន​ខ្ញុំ បែរជា​សម្លឹង​ទៅ​ឃើញ​ទារ​កមួយ ដែល​កំពុង​ហូរឈាម​ចេញ​តាម​មាត់ មាន​ស្លាកស្នាម និង​ឆ្អឹងខ្នង​ប៉ះ​នឹង​ជ្រុង​គ្រែ​បាក់ឆ្អឹង​ខ្នង និង​មាន​ប្រឡាក់​ដី។ នោះ​គឺ​កូន​នេះ កើតមក​ត្រូវ​ពេទ្យ​ធ្វើអោយ​របូត​ពី​ដៃ​ធ្លាក់​ទៅលើ​ជ្រុង​គ្រែ ហើយ​ធ្លាក់​ទៅ​ដី ទើប​រើស​ពី​ដី មក​ដាក់​ចោល​លើ​គ្រែ​វិញ។ ដោយ​ឃើញ កូន​នៅ​ហូរឈាម​តាម​មាត់​នៅឡើយ ខ្ញុំ​ប្រឹង​ស្រែក​អោយគេ​ជួយសង្គ្រោះ​ជីវិត​កូន​ខ្ញុំ។ អ្នក​ជម្ងឺ​ជា ស្ត្រី៥នាក់ បាន​ចូល​មកជួយ​មើល​ដោយ​ក្តី​អាណិត បន្តិចក្រោយមក​ប្រធាន​មន្ទីរពេទ្យ​ក៏បាន​ចូលមក​ដល់។ គាត់​ក៏​ជា​មនុស្ស​ល្អ​ម្នាក់​បាន​សំដែង នូវ​ការសោកស្តាយ និង​សុំ​កា​រអា​ធ្យា​ស្រ័យ​ជំនួស​គ្រូពេទ្យ ដែល​ធ្វើការ​ធ្វេសប្រហែស ធ្វើអោយ​មានរឿង​សោកនាដកម្ម​នេះ​កើតឡើង។មកដល់​អង្គភាព ខ្ញុំ​បាន​យក​រឿងនេះ​ទៅ​ជម្រាប​ប្រធាន​នយោបាយ​អង្គភាព ដែល​គាត់​ជា​មនុស្ស​ចិត្តបុណ្យ​ម្នាក់ និង​មាន​អាយុ​ប្រហែល​ឪពុក​ខ្ញុំ។ គាត់​បានអនុញ្ញាត​អោយ​យក រ៉ានី ទៅ​ព្យាបាល​នៅ​អង្គភាព។ គាត់​បាន​សំដែង​នូវ​ការហួសចិត្ត ចំពោះ​ទង្វើ​ប្រធាន​យោធា​តំបន់​មកលើ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​ម្នាក់នេះ ជា​អតីត​ចោរលួច​គោ​អ្នកស្រុក​ទៅ​លក់​អោយ​វៀត​កុង នៅតាម​ព្រំដែន​កម្ពុជា វៀតណាម។ ដល់​ប៉ូលីស​តាមរក​ចាប់ ក៏​រត់​ចូល​ព្រៃ​តស៊ូ​ជាមួយ​ខ្មែរក្រហម ក្នុងអំឡុង​ឆ្នាំ១៩៦៨ ទើប​គេ​ក្លាយជា​អ្នកមានអំណាច ដ៏​អស្ចារ្យ​ក្នុង​របប​ខ្មែរក្រហម។ ប្រហែល​ដោយសារ​ប្រធាន​នយោបាយ​អង្គភាព បាន​ប្រាប់​ទៅ​គាត់​ថា​ខ្ញុំ​អន់ចិត្ត និង​ដោយសារ​យុទ្ធជន​ក្នុង​អង្គភាព​នេះ ស្ថិតក្រោម​បញ្ជា​ខ្ញុំ ទើប​ធ្វើអោយ​ប្រធាន​យោធា​តំបន់​រូបនេះ ចាក​ចេញពី​អង្គភាព​តាំងពី​ព្រលប់​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅ​រស់នៅ​ទីបញ្ជាការ​យោធា​តំបន់ នៅ​ចំការ​ដូង ស្រុក​មេមត់ ដែល​ទើប​កសាង​រួច។

មុនពេល​ភ្លឺ ព្រឹក​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំ​ប្រញាប់​ចេញទៅ​មន្ទីរពេទ្យ ដើម្បី​ដឹកយក រ៉ានី មក​អង្គភាព​របស់ខ្ញុំ ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង។ ពេលមកដល់​ក្រឡេកឃើញ​យុទ្ធ​មិត្ត​ខ្ញុំ បាន​ជួយ​រៀបចំ​បន្ទប់​ជញ្ជាំង​ភ្ជល់​អោយ​ខ្ញុំ។ ពួកគេ​បានដឹង​ពី​រឿង​កូន​ខ្ញុំ​ស្លាប់ និង​ភរិយា​ខ្ញុំ​ឈឺ ពួកគេ​បាន​ចូលរួម​សោកស្តាយ និង​ការលំបាក​ជាមួយ​ប្តី​ប្រពន្ធ​របស់​ពួកយើង។ ជា​សំណាង ល្អ​ដែល​ខ្ញុំ​បាន​យក រ៉ានី មកអោយ​ឆ្មប​បុរាណ​កាយ​ទម្លាក់​សុក​ទាន់ពេល បើ​ពុំ​នោះទេ​នឹង​ទៅជា​ក្រឡាភ្លើង និង​ឈានទៅ​គ្រោះថ្នាក់​ដល់​ជិវិត ជាមិនខាន​ឡើយ។

ខ្ញុំ​បាន​បំពេញភារកិច្ច​ជា​ស្វាមី​ពិតប្រាកដ សម្រាប់​ភរិយា​មួយរូប ដែល​បាន​លះបង់​គ្រប់យ៉ាង ដើម្បី​រូបខ្ញុំ​ដែលជា​ជនពិការ​ម្នាក់។ ខ្ញុំ​រកបាន​អុសល្អៗ ដើម្បី​ដុត​កំដៅ​ដែល​ជំនាន់​ដើម​ហៅថា (អាំងភ្លើង) ក្រោយ​ឆ្លងទន្លេ​រួច។ ឆ្នាំ១៩៧៦ ត្រូវ​នឹង​ឆ្នាំ​ដែលមាន​ធាតុអាកាស​ត្រជាក់​ណាស់។ រ៉ានី មិនចេះ​ផឹកស្រា ដែល​ខ្ញុំ​បាន​ផ្សំ​ទុកជា​មួយ​សត្វ​អា​ញី និង​ទឹកឃ្មុំ។ ដូចនេះ​ខ្ញុំ​ត្រូវ​រក​វិធី​ផ្សំ​ថ្នាំ​តាមចាស់ៗនិយាយប្រាប់។ ខ្ញុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំ ដើម្បី​សុខភាព​ភរិយា។ សក់​ក្បាល​របស់ខ្ញុំ​សំបូរ​ដោយ​ផេះ ព្រោះ​ត្រូវ​ផ្លុំភ្លើង​ដាំ​ថ្នាំ​ដាំបាយ​បំរើ​ភរិយា។ រៀងរាល់​ព្រឹក ក្នុង​ចន្លោះ​ម៉ោង៤ ដល់​ម៉ោងជាង៥ ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​លាប​ពន្លៃ ត្រាំ​ស្រា និង​ដុត​ភ្លើង​ឱ្យ​ប្រពន្ធ។ ខ្ញុំបំរើ រ៉ានី ដូច​បំរើ​ម្តាយ​ចាស់​ប្រហែល​ជាង​កន្លះ​ខែ ទើប​រឹង​ដៃ​រឹង​ជើង តែ​ខ្ញុំ​នៅតែ​ចាត់ទុកថា ភរិយា​ខ្ញុំ​នៅ​ស​សៃ​ខ្ចី​នៅឡើយ។ ដូចនេះ​បានជា​ខ្ញុំ​មិន​បណ្តោយអោយ​នាង​ធ្វើ​អ្វី ហើយ​ខ្ញុំ​ក៏​មិន​ទៅណា​ឆ្ងាយ​ចោល​នាង​ដែរ។ ទោះបី​ជួប​ការលំបាក តែ​នេះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​បានរស់នៅ​ជាមួយគ្នា​លើស​មួយ​សប្តាហ៍ បន្ទាប់ពី​រៀបការ​ហើយ។

ប្តី​ប្រពន្ធ​យើង​បានរស់នៅ​ជាមួយគ្នា ដោយ​មិនសូវមាន​ការរំខាន ពី​ពួក​អង្គការ​ដូចពេលមុន​ឡើយ។ នេះ​ជាការ​ឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន ចំពោះ​រឿងរ៉ាវ​ដែល​កូនប្រុស​ច្បង បាន​ស្លាប់​តែ​ការឈឺចាប់​នោះ​ហើយ ដែល​បាន​ជួយ​លើកទឹកចិត្ត​ខ្ញុំ ឱ្យ​ងើបឈរ​ឡើង ដើម្បី​សង្គ្រោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី​ខែមករា ឆ្នាំ១៩៧៩ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២