រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតី និងផ្តល់មតិបូកសរុបកម្មវិធី ក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលបានរៀបចំទទួលស្វាគមន៍ដោយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅកម្ពុជា (AmCham) ក្រោមការដឹកនាំរបស់ ក.អ.ក.។


កម្មវិធីជំនួបអាហារពេលព្រឹកធុរកិច្ចលើកទី២ នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយវត្តមានអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប, លោកភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក, និងលោកភារធារីនៃស្ថានទូតជប៉ុន។ ក្រៅពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងអង្គទូត កម្មវិធីនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិឈានមុខ ដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ រួមមាន៖ សភាពាណិជ្ជកម្មអាម៉េរិក (AmCham), អឺរ៉ុប (EuroCham), ចិន (CCCC), កូរ៉េ (KOCHAM) និងសមាគមធុរកិច្ចជប៉ុន (JBAC) ព្រមទាំងសមាជិក សមាជិកា នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។


កម្មវីធីបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញអំពីប្រធានបទពាក់ព័ន្ធមួយចំនួន និងបានបើកទូលាយសម្រាប់ការពិភាក្សា ដែលជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរមតិយោបល់ ដោយអនុញ្ញាតឱ្យតំណាងសមាគមធុរកិច្ច វិនិយោគិនអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានលើកឡើងនូវសំណូមពរ ធាតុចូលនានាដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាលបំផុត។ បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល កម្មវិធីបានបន្តដល់របៀបវារៈស្តីពីកាកំណត់ទិសដៅជំហានបន្ទាប់ និងការតាមដានប្រតិបត្តិការការងារ ដើម្បីធានាថារាល់ធាតុចូល និងលទ្ធផលនៃការពិភាក្សាទាំងអស់ នឹងត្រូវយកទៅអនុវត្ត និងតាមដានយ៉ាងមានប្រសិទ្ធភាព។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និង ក.អ.ក. ក្នុងការបន្តកែទម្រង់បរិយាកាសធុរកិច្ច សម្របសម្រួលកិច្ចគាំពារវិនិយោគ និងការដោះស្រាយរាល់បញ្ហាប្រឈមនានារបស់វិស័យឯកជន ឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាពខ្ពស់ ជាពិសេស ឯកឧត្តមបានរំលេចយ៉ាងច្បាស់អំពីផែនការកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួចរបស់ ក.អ.ក. ដែលសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន។


បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកនូវរាល់មតិយោបល់ និងធាតុចូលសំខាន់ៗដែលបានលើកឡើងនៅក្នុងអង្គពិធីនាព្រឹកនេះ ទៅពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅស្វែងរកដំណោះស្រាយសមស្រប និង ឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ប្រកបដោយសុទិដ្ឋិនិយម និងការរំពឹងទុកខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត ដែលនឹងត្រូវលើកយកមកជជែកដេញដោល នៅក្នុងជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៣ នាពេលខាងមុខនេះផងដែរ។
បរិយាកាសនៃពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន បានប្រព្រឹត្តទៅក្នុងស្មារតីស្និទ្ធស្នាល យោគយល់ បើកចំហ និងប្រកបដោយផ្លែផ្កា ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការទទួលបានសូចនាករពិតប្រាកដជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍបរិយាកាសវិនិយោគជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង និងមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់៕


