សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។


ចំណារទាំង៤នេះ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តន៍គោលនយោបាយគាំពារសង្គម។ល។


សម្តេចតេជោបានបន្តទៀតថា ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០ រហូតមកដល់ពេលនេះដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្ស២ដងក្នុងមួយខែ ជាមួយនឹងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត។
សម្តេចតេជោបានបន្តថា ចំណាររបស់ខ្ញុំនាពេលនោះមុតជាងផ្លែដាវទៅទៀត តែខ្ញុំមិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជាខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឱ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។សូមអធ្យាស្រ័យដោយចំណាររបស់ខ្ញុំអក្សរមិនស្អាតថែមទាំងខុសអក្ខរាវិរុទ្ធទៀតផង (សូមមើលអត្ថបទចម្លង)៕


