សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ស្រូវពូជ ៤០តោន ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន ៦២៥គ្រួសារ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទ OM 51-54 ចំនួន ៤០តោន ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន ៦២៥គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា អំណោយជាស្រូវពូជប្រភេទOM 51-54ចំនួន40តោនដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅស្រុកត្បូងឃ្មុំនាពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចកាលសម្ដេចទាំងទ្វេររួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំទាំងអស់ក្រោយពេលទទួលបានស្រូវពូជនេះហើយត្រូវរក្សាទុកសម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រកទៅវិញដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។

ជាមួយនេះឯ.ឧ ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍនូវសមិទ្ធិផលនានាជាច្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រនៅទូទាំងប្រទេសក៏ដូចជាក្នុងមូលដ្ឋានឃុំពាមជីលាំងស្រុកត្បូងឃ្មុំនេះផ្ទាល់ដែលកំពុងមានការរីកចំរើនលើសមិទ្ធិផលជាច្រើនសំរាប់បំរើសេចក្តីត្រូវការនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀតឯ.ឧ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់អោយចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីត១៩កុំអោយឆ្លងចូលក្នុងសហគមន៍ បើទោះបីជាកម្ពុជាអាចទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺនេះបានដោយជោគជ័យក៏ពិតមែនប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួនបណ្តែតបណ្តោយនោះឡើយ។

ទន្ទឹមនេះឯ.ឧឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំនិងក្រើនរំលឹកដល់មន្រ្តីជំនាញនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្តល់សេវាសាធារណះផ្សេងៗជូនប្រជាពលរដ្ឋអោយបានឆាប់រហ័សនិងទាន់ពេលវេលានិងត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធិភាពជាពិសេសត្រូវលុបបំបាត់អោយបាននូវបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាននិមួយៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២