(អាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ចូ បៃដិន បានហៅការមិនព្រមទទួលស្គាល់ការចាញ់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ថាជា ”ភាពអាម៉ាស់” ប៉ុន្តែលោក បៃដិន មិនបានចាត់ទុករឿងនេះជាសំខាន់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅពេលត្រូវបានអ្នកកាសែតសាកសួរ អំពីការមិនទទួលស្គាល់បរាជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំគ្រាន់តែគិតថា វាជាភាពអាម៉ាស់មួយ, តើខ្ញុំអាចនិយាយអំពីរឿងនេះ យ៉ាងដូចម្តេចទៅ? ខ្ញុំគិតថាវានឹងមិនជួយអ្វី ដល់កេរ្តិ៍ឈ្មោះរបស់ប្រធានាធិបតីនោះឡើយ…»។
គួរបញ្ជាក់ថា រយៈពេលមួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោត លោក ដូណាល់ ត្រាំ នៅតែបន្តធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ អំពីការលូចបន្លំសន្លឹកឆ្នោត។ ប្រធានាធិបតីរូបនេះ នៅតែជឿជាក់ថា លោកគឺជាអ្នកឈ្នះយ៉ាងពិតប្រាកដ និងកំពុងដាក់ពាក្យបណ្តឹង ដើម្បីចោទប្រកាន់នេះទៅតាមផ្លូវច្បាប់ ទាំងដែលគ្មានភស្តុតាងណាមួយ ត្រូវបានបញ្ចេញនៅឡើយទេ៕