រថយន្តដឹកឥដ្ឋ ពាក់ស្លាកកងដឹកជញ្ជូន H.C ដាក់លើសចំណុះ ឡើងទួលមិនរួច រអិលថយក្រោយ បុកបង្កាន់ដៃស្ពាន

រតនគិរី ៖ រថយន្តដឹកឥដ្ឋ ពាក់ស្លាកកងដឹកជញ្ជូន H.C ដាក់លើសចំណុះ បើកឆ្លងស្ពានចាស់ទ្រុឌទ្រោម ផុតហើយប៉ុន្តែ ឡើងទួលមិនរួច រអិលថយក្រោយ បុកបង្កាន់ដៃស្ពាន បណ្ដាលអោយខូចខាត កាលពីម៉ោង២ ទាបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានខាងលើទឹកជ្រោះកាចាញ ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

លោក ទុន ពៅ ចៅសង្កាត់កាចាញ បានអោយដឹងថា ស្ពាននេះ គឺសាងសងពីដែកក្រាលឈើ យូរឆ្នាំមកហើយ លោកក៏បានឲ្យគេដាក់ផ្លាកហាមឃាត់មិនអោយរថយន្តដឹកលើសពី៥តោនឆ្លងកាត់ទេ ព្រោះខ្លាចបាក់ស្ពាន។ ម្យ៉ាងទៀតបើស្ពាននេះបាក់ គឺប៉ះពាល់ដល់ការដឹកជញ្ជូនកសិផលទៅមករបស់ប្រជាពលរដ្ឋ ហើយកន្លងមក មិនដែលមានរថយន្តដឹកលើសទម្ងន់អញ្ចឹងទេ។

ប្រភពពីពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ បានអោយដឹងថា រថយន្តយីឌុបបង្កនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3963 ដឹឥដ្ឋពេញ ហើយនៅម៉ោង២ទាបភ្លឺ គេបានឮសម្លេងរថយន្តបើកឆ្លងស្ពាន លុះបានបន្តិច ក៏ឮសម្លេងដូចរន្ទះ ពួកគាត់ក៏មានការភ្ញាក់ផ្អើល នាំគ្នាស្ទុះពីដំណេកមកមើល ឃើញរថយន្តនោះថយបុកស្ពាន បណ្ដាលឲ្យរថយន្តយីឌុបនោះផ្អៀងជិតក្រឡាប់ពីលើថ្នល់។

ក្រោយកើតហេតុ ម្ចាស់ រថយន្តបានអោយកម្មកររើឥដ្ឋចេញពីឡានទាំងយប់ ដើម្បីយករថយន្តចេញដែរ តែរើមិនអស់រហូតដល់ព្រឹកឡើង ក៏ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសាធារណកាខេត្ត ចុះមកទាន់។

បច្ចុប្បន្ន រថយន្ដបង្ក ត្រូវបានខាងមន្ទីរសាធារណកានាំយកទៅរក្សាទុកនៅមន្ទីរ ដើម្បីធ្វើការដោះស្រាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២