ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយ រថយន្តស៊ីទែនដឹកហ្គាស បើកបុករះម៉ូតូចំនួន៥គ្រឿង និងរថយន្តព្រុស កំពុងឈប់ភ្លើងស្តុប បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីផ្ទៃពោះ២នាក់ រងរបួសធ្ងន់ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ចំណុចភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ យិន វ៉េត អាយុ៤៧ឆ្នាំ មុខរបរកម្មករដឹកកញ្ចក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំណែកស្រ្តីមានផ្ទៃពោះ២នាក់ទៀត ដែលទទួលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណទេ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ជារថយន្តដឹកស៊ីទែនហ្គាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4913 បើកបរតាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តព្រុស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូរ៉ឺម៉ក កំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរ៉ឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីមានផ្ទៃពោះ ជាកម្មការនីរោងចក្រ២នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបរម៉ូតូរ៉ឺម៉កដឹកកញ្ចក់ ស្លាប់ភ្លាមៗនៅកន្លែង។
ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចប្រចាំគោលដៅ ២៤ ម៉ោងក្បែរនោះឃាត់ខ្លួនផងដែរ៕