ភ្នំពេញ ៖ ក្រោយបញ្ចប់សវនាការ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះវិញ លើសំណុំរឿង ដែលស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ។
សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាព ថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រូពេទ្យ ដេរប្រមាណជាង១០០ថ្នេរ។
ស្ត្រីរូបនេះ សារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើអោយកូនខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើង នឹងក្លាយជាតារា ផងដែរ។ ដូច្នេះ ខ្លួនសុំត្រឹមតែអោយក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួន ដែរ៕